Breaking News :

បន្ទាប់ពីសម្លាប់បានមេខ្លោង អ៊ីស្រាអែលប្រាប់ហាម៉ាសឲ្យទម្លាក់អាវុធចុះចាញ់

 International 


មេដឹកនាំយោធា​ធំបំផុតរបស់​ចលនា​ហាម៉ាស គឺ​ Mohammed Deif កម្រនឹង​បង្ហាញមុខ និង​ផ្លាស់ប្តូរទីតាំង ចល័តគ្រប់វេលាដើម្បីគេចពីតាមសម្លាប់របស់​អ៊ីស្រាអែល AP

នៅទីក្រុង​តេហេរ៉ង់ ពិធីបុណ្យដង្ហែរសព​លោកអ៊ីស្មាយ ហានីយ៉េ ​មេដឹកនាំនយោបាយ​របស់​ក្រុមហាម៉ាសប៉ាឡេស្ទីន​ទើបចាប់ផ្តើម ជាមួយសម្រែករបស់មហាជន ស្រែកជេរប្រទេចសងសឹក​អ៊ីស្រាអែល​ កងទ័ពអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ទី ១ សីហា​បាន​ចេញមក​ប្រកាស​ថា មេដឹកនាំយោធា​ធំបំផុតរបស់​ចលនា​ហាម៉ាស គឺ​ Mohammed Deif​ ស្លាប់​នៅក្នុងការវាយប្រហារ​របស់​យ​ន្តហោះចម្បាំងអ៊ីស្រាអែលកាលពីពាក់កណ្តាល​ខែ​កក្កដា ។

នៅថ្ងៃទី ១៣ កក្កដា អ៊ីស្រាអែល​បាន​បើកប្រតិបត្តិការ​ផ្លូវអាកាស​​ សំដៅ​ទីតាំង​ប្រជុំជនមួយ​ក្នុង​ទីក្រុង​Khan Younès ភាគខាងត្បូងហ្កាហ្សា ដែល​អ៊ីស្រាអែល​ជឿថា​ ជា​កន្លែង​លាក់ខ្លួន​របស់មេកងកម្លាំងIzzedine Al-Qassam ដែលជា​ចលនា​ប្រដាប់អាវុធ​របស់​ហាម៉ាស។ ភ្លាមៗ ក្រសួងសុខាភិបាលហាម៉ាស​ប្រកាស​ថា ​ការវាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល​ទៅលើ​ជំរំជនភៀសខ្លួន​នៅ​Khan Younès បាន​សម្លាប់​មនុស្ស​៩០នាក់។

ក្រុមហាម៉ាសនិយាយថា មេដឹកនាំយោធា​របស់ខ្លួន គឺ Mohammed Deif​មិនស្ថិតក្នុង​ចំណោម​ជនរងគ្រោះស្លាប់​នៅក្នុង​​​ការវាយប្រហាររបស់​អ៊ីស្រាអែល។ ប៉ុន្តែ កងទ័ពអ៊ីស្រាអែល នៅថ្ងៃ​ព្រហស្បតិ៍ទី ១​សីហាបាននិយាយថា ព័ត៌មានចារកម្ម​នៅទីបំផុត​បញ្ជាក់ថា មេដឹកនាំយោធាធំសំខាន់បំផុតរបស់ហាម៉ាស Mohammed Deif​ពិតជា​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល​កាលពីពាក់កណ្តាលខែ​កក្កដា។

ដោយចាត់ទុក​ Mohammed Deif មេដឹកនាំរបស់ចលនា​ប្រដាប់អាវុធរបស់ក្រុមហាម៉ាសថា ជា​អូសាម៉ា បិនឡាដិន នៅហ្កាហ្សា រដ្ឋមន្រ្តី​ការពារ​អ៊ីស្រាអែល លោក​Yoav Gallant អបអរកោតសរសើរ​ស្នាដៃរបស់​កងទ័ពអ៊ីស្រាអែល ដែលទទួលជោគជ័យ​ដ៏ធំធេង​នៅក្នុងប្រតិបត្តិការគាស់រំលើង​ក្រុមហាម៉ាស តាមផ្លូវនយោបាយ និង​យោធា​។

នៅ​ក្នុងសារបង្ហោះផ្សាយ​លើ​បណ្តាញសង្គមX ប្រមុខការពារជាតិ​អ៊ីស្រាអែល​បេ្តជ្ញា​បន្ត​សង្រ្គាម​រហូត​សម្រេច​គោលដៅ ដែលគ្មានអ្វីផ្សេងក្រៅពីតាមសម្លាប់​ឲ្យអស់មេដឹកនាំក្រុមហាម៉ាស។ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល​នៅបាន​អំពាវនាវ​ឲ្យ​កូនទាហាន​របស់​ក្រុមហាម៉ាសទាំងអស់​យល់ព្រមទម្លាក់អាវុធចុះចាញ់ ឬមួយ​ក៏ត្រូវ​ប្រឈម​នឹង​ការតាមប្រមាញ់សម្លាប់​របស់​អ៊ីស្រាអែល ដូចជា​មេកើយរបស់ខ្លួន គឺ Mohammed Deif។

តើMohammed Deifជាអ្នកណា?

កើតនៅ​ឆ្នាំ ១៩៦៥ នៅ​ក្នុងជំរំជនភៀសខ្លួន​នៅ​ទីក្រុង​ Khan Younès ក្នុងភាគខាងត្បូង​ហ្កាហ្សា Mohammed Deif បាន​ចូល​រួម​ក្នុង​សកម្មភាពនយោបាយ​​របស់​ក្រុមហាម៉ាស​តាំងពីនៅជា​និស្សិត​នៅ​សកលវិទ្យាល័យ​នៅ​ហ្កាហ្សា និង​កាន់តែ​សកម្មខ្លាំង នៅពេល​កើតមាន​សង្រ្គាមគប់ដុំថ្មលើកដំបូង Intifada ឆ្នាំ ១៩៨៧។ នៅ​ឆ្នាំ​១៩៩០ Deif​បាន​ចូលរួម​បង្កើត​កងកម្លាំងIzzedine Al-Qassam ចលនា​ប្រដាប់អាវុធ​របស់​ហាម៉ាសដែលរូបគេ​ចូលគ្រប់គ្រងដឹកនាំ​តាំង​ពី​ឆ្នាំ២០០២។

ល្បីឈ្មោះ​ថា ជាអ្នកផ្តួចផ្តើម​គំនិត​សាងសង់​រូងក្រោមដី និងជំនាញផលិត​គ្រាប់បែក គ្រាប់ប្លោង Mohammed Deif ត្រូវ​បាន​​អ៊ីស្រាអែល​ចោទប្រកាន់​ថា ជាអ្នកបញ្ជា​ឲ្យ​ក្រុមប្រដាប់អាវុធ​ហាម៉ាស​ចូលទៅ​សម្លាប់ និង​ចាប់ប្រជាជនអ៊ីស្រាអែលមកធ្វើជាចំណាប់ខ្មាំង នៅក្នុងការវាយប្រហារ​ភេរវកម្ម​៧តុលា។

Mohammed Deif ជាប់ឈ្មោះ​ក្នុង​បញ្ជីក្រុមភេរវជនដែលអាមេរិក និងអ៊ីស្រាអែល​តាមប្រមាញ់ជាង​៣០ឆ្នាំមកហើយ។ ប្រពន្ធ និងកូនតូចៗ​របស់​ Mohammed Deif ស្លាប់​នៅក្នុងការវាយប្រហារ​របស់អ៊ីស្រាអែល​កាលពី​ឆ្នាំ ២០១៤។​ ចំណែក Mohammed Deif ផ្ទាល់​ត្រូវ​គេ​ដាក់រហស្សនាមថា ជា​ឆ្មា​ជីវិត ៩ ព្រោះថា អ៊ីស្រាអែល​បាន​ប៉ុនប៉ងតាមសម្លាប់ Mohammed Deif ​៧លើក ប៉ុន្តែ មិនបាន​សម្រេច។ លក្ខណៈពិសេស​របស់​មេទ័ពរបស់ហាម៉ាស​គឺ មិនដែលបង្ហាញមុខ មិន​ស្ថិតនៅ​កន្លែងណាមួយ​យូរជាង១ថ្ងៃនោះទេ។ Deif ដែលជាឈ្មោះ​របស់​ Mohammed Deif មានន័យថា ជាភ្ញៀវ ដែល​លេចមុខ​មួយភ្លែតៗ ចល័តផ្លាស់ទីគ្រប់កន្លែង ជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើឲ្យកងទ័ពអ៊ីស្រាអែល​ ពិបាក​ចាប់សញ្ញាបាន។

ដោយ​សម្លាប់​បាន​មេដឹកនាំយោធារបស់ហាម៉ាស ចំណែក​មេដឹកនយោបាយ​របស់ហាម៉ាស​ក៏បានស្លាប់នៅក្នុង​ការវាយប្រហារ​តាមផ្លូវអាកាស​នៅក្នុងទឹកដីអ៊ីរ៉ង់ អ៊ីស្រាអែល​សង្ឃឹម​បំបាក់ទឹកចិត្តស្មារតីប្រយុទ្ធរបស់​កងកម្លាំងហាម៉ាសនៅហ្កាហ្សា។ ប៉ុន្តែ ទន្ទឹមគ្នា​នោះ អ៊ីស្រាអែល​ក៏បាន​ប្រកាស​ត្រៀមខ្លួន ការពារ​និងវាយបកវិញ ព្រោះថា ទាំង​អ៊ីរ៉ង់ និង​ក្រុមហេសបូឡាលីបង់​បាន​ប្រកាស​សងសឹកអ៊ីស្រាអែល​យ៉ាង​ចាស់ដៃ ដោយសារ​អ៊ីស្រាអែល​បាន​រំលោភខ្សែបន្ទាត់ក្រហម បើកការវាយប្រហារ​តាមផ្លូវអាកាស​ចូលក្នុងទឹកដី​អ៊ីរ៉ង់ និងលីបង់​ដើម្បី​សម្លាប់​មេដឹកនាំហាម៉ាស និង​មេបញ្ជាការទ័ពសំខាន់​របស់​ហេសបូឡាលីបង់៕​​


Post a Comment

Previous Post Next Post