International
មេដឹកនាំយោធាធំបំផុតរបស់ចលនាហាម៉ាស គឺ Mohammed Deif កម្រនឹងបង្ហាញមុខ និងផ្លាស់ប្តូរទីតាំង ចល័តគ្រប់វេលាដើម្បីគេចពីតាមសម្លាប់របស់អ៊ីស្រាអែល AP |
នៅទីក្រុងតេហេរ៉ង់ ពិធីបុណ្យដង្ហែរសពលោកអ៊ីស្មាយ ហានីយ៉េ មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសប៉ាឡេស្ទីនទើបចាប់ផ្តើម ជាមួយសម្រែករបស់មហាជន ស្រែកជេរប្រទេចសងសឹកអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ទី ១ សីហាបានចេញមកប្រកាសថា មេដឹកនាំយោធាធំបំផុតរបស់ចលនាហាម៉ាស គឺ Mohammed Deif ស្លាប់នៅក្នុងការវាយប្រហាររបស់យន្តហោះចម្បាំងអ៊ីស្រាអែលកាលពីពាក់កណ្តាលខែកក្កដា ។
នៅថ្ងៃទី ១៣ កក្កដា អ៊ីស្រាអែលបានបើកប្រតិបត្តិការផ្លូវអាកាស សំដៅទីតាំងប្រជុំជនមួយក្នុងទីក្រុងKhan Younès ភាគខាងត្បូងហ្កាហ្សា ដែលអ៊ីស្រាអែលជឿថា ជាកន្លែងលាក់ខ្លួនរបស់មេកងកម្លាំងIzzedine Al-Qassam ដែលជាចលនាប្រដាប់អាវុធរបស់ហាម៉ាស។ ភ្លាមៗ ក្រសួងសុខាភិបាលហាម៉ាសប្រកាសថា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួននៅKhan Younès បានសម្លាប់មនុស្ស៩០នាក់។
ក្រុមហាម៉ាសនិយាយថា មេដឹកនាំយោធារបស់ខ្លួន គឺ Mohammed Deifមិនស្ថិតក្នុងចំណោមជនរងគ្រោះស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ ប៉ុន្តែ កងទ័ពអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ទី ១សីហាបាននិយាយថា ព័ត៌មានចារកម្មនៅទីបំផុតបញ្ជាក់ថា មេដឹកនាំយោធាធំសំខាន់បំផុតរបស់ហាម៉ាស Mohammed Deifពិតជាស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីពាក់កណ្តាលខែកក្កដា។
ដោយចាត់ទុក Mohammed Deif មេដឹកនាំរបស់ចលនាប្រដាប់អាវុធរបស់ក្រុមហាម៉ាសថា ជាអូសាម៉ា បិនឡាដិន នៅហ្កាហ្សា រដ្ឋមន្រ្តីការពារអ៊ីស្រាអែល លោកYoav Gallant អបអរកោតសរសើរស្នាដៃរបស់កងទ័ពអ៊ីស្រាអែល ដែលទទួលជោគជ័យដ៏ធំធេងនៅក្នុងប្រតិបត្តិការគាស់រំលើងក្រុមហាម៉ាស តាមផ្លូវនយោបាយ និងយោធា។
នៅក្នុងសារបង្ហោះផ្សាយលើបណ្តាញសង្គមX ប្រមុខការពារជាតិអ៊ីស្រាអែលបេ្តជ្ញាបន្តសង្រ្គាមរហូតសម្រេចគោលដៅ ដែលគ្មានអ្វីផ្សេងក្រៅពីតាមសម្លាប់ឲ្យអស់មេដឹកនាំក្រុមហាម៉ាស។ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលនៅបានអំពាវនាវឲ្យកូនទាហានរបស់ក្រុមហាម៉ាសទាំងអស់យល់ព្រមទម្លាក់អាវុធចុះចាញ់ ឬមួយក៏ត្រូវប្រឈមនឹងការតាមប្រមាញ់សម្លាប់របស់អ៊ីស្រាអែល ដូចជាមេកើយរបស់ខ្លួន គឺ Mohammed Deif។
តើMohammed Deifជាអ្នកណា?
កើតនៅឆ្នាំ ១៩៦៥ នៅក្នុងជំរំជនភៀសខ្លួននៅទីក្រុង Khan Younès ក្នុងភាគខាងត្បូងហ្កាហ្សា Mohammed Deif បានចូលរួមក្នុងសកម្មភាពនយោបាយរបស់ក្រុមហាម៉ាសតាំងពីនៅជានិស្សិតនៅសកលវិទ្យាល័យនៅហ្កាហ្សា និងកាន់តែសកម្មខ្លាំង នៅពេលកើតមានសង្រ្គាមគប់ដុំថ្មលើកដំបូង Intifada ឆ្នាំ ១៩៨៧។ នៅឆ្នាំ១៩៩០ Deifបានចូលរួមបង្កើតកងកម្លាំងIzzedine Al-Qassam ចលនាប្រដាប់អាវុធរបស់ហាម៉ាសដែលរូបគេចូលគ្រប់គ្រងដឹកនាំតាំងពីឆ្នាំ២០០២។
ល្បីឈ្មោះថា ជាអ្នកផ្តួចផ្តើមគំនិតសាងសង់រូងក្រោមដី និងជំនាញផលិតគ្រាប់បែក គ្រាប់ប្លោង Mohammed Deif ត្រូវបានអ៊ីស្រាអែលចោទប្រកាន់ថា ជាអ្នកបញ្ជាឲ្យក្រុមប្រដាប់អាវុធហាម៉ាសចូលទៅសម្លាប់ និងចាប់ប្រជាជនអ៊ីស្រាអែលមកធ្វើជាចំណាប់ខ្មាំង នៅក្នុងការវាយប្រហារភេរវកម្ម៧តុលា។
Mohammed Deif ជាប់ឈ្មោះក្នុងបញ្ជីក្រុមភេរវជនដែលអាមេរិក និងអ៊ីស្រាអែលតាមប្រមាញ់ជាង៣០ឆ្នាំមកហើយ។ ប្រពន្ធ និងកូនតូចៗរបស់ Mohammed Deif ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីឆ្នាំ ២០១៤។ ចំណែក Mohammed Deif ផ្ទាល់ត្រូវគេដាក់រហស្សនាមថា ជាឆ្មាជីវិត ៩ ព្រោះថា អ៊ីស្រាអែលបានប៉ុនប៉ងតាមសម្លាប់ Mohammed Deif ៧លើក ប៉ុន្តែ មិនបានសម្រេច។ លក្ខណៈពិសេសរបស់មេទ័ពរបស់ហាម៉ាសគឺ មិនដែលបង្ហាញមុខ មិនស្ថិតនៅកន្លែងណាមួយយូរជាង១ថ្ងៃនោះទេ។ Deif ដែលជាឈ្មោះរបស់ Mohammed Deif មានន័យថា ជាភ្ញៀវ ដែលលេចមុខមួយភ្លែតៗ ចល័តផ្លាស់ទីគ្រប់កន្លែង ជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើឲ្យកងទ័ពអ៊ីស្រាអែល ពិបាកចាប់សញ្ញាបាន។
ដោយសម្លាប់បានមេដឹកនាំយោធារបស់ហាម៉ាស ចំណែកមេដឹកនយោបាយរបស់ហាម៉ាសក៏បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅក្នុងទឹកដីអ៊ីរ៉ង់ អ៊ីស្រាអែលសង្ឃឹមបំបាក់ទឹកចិត្តស្មារតីប្រយុទ្ធរបស់កងកម្លាំងហាម៉ាសនៅហ្កាហ្សា។ ប៉ុន្តែ ទន្ទឹមគ្នានោះ អ៊ីស្រាអែលក៏បានប្រកាសត្រៀមខ្លួន ការពារនិងវាយបកវិញ ព្រោះថា ទាំងអ៊ីរ៉ង់ និងក្រុមហេសបូឡាលីបង់បានប្រកាសសងសឹកអ៊ីស្រាអែលយ៉ាងចាស់ដៃ ដោយសារអ៊ីស្រាអែលបានរំលោភខ្សែបន្ទាត់ក្រហម បើកការវាយប្រហារតាមផ្លូវអាកាសចូលក្នុងទឹកដីអ៊ីរ៉ង់ និងលីបង់ដើម្បីសម្លាប់មេដឹកនាំហាម៉ាស និងមេបញ្ជាការទ័ពសំខាន់របស់ហេសបូឡាលីបង់៕
إرسال تعليق