Breaking News :

អង្គការ​សុខភាព​ពិភពលោក​ស្រែក​អាសន្ន​ពី​ជំងឺ​រាតត្បាត​គ្រុន​ស្វិតដៃជើង​នៅ​ហ្កាហ្សា

 Israel-Gaza War 

គេ​ពុំ​ធ្លាប់ឃើញ​មាន​​អ្នក​ជំងឺ​គ្រុ​នស្វិតដៃជើងនៅ​តំបន់​ហ្កាហ្សា អស់​រយៈ​ពេល​​ជាង​២៥​ឆ្នាំមក​ហើយ។ ប៉ុន្តែអ្វី​ៗ​អាច​នឹង​ប្តូរ​ផ្លាស់​បាន។ ពេល​នេះ​ ហ្កាហ្សា​កំពុងស្ថិត​លើ​មាត់​ជ្រោះនៃ​​​ហានិភ័យ។ ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ អង្គការ​សុខភាពពិភពលោក​បាន​ប្រកាសថា​​ព្រួយ​បារម្ភ​ខ្លាំងណាស់ ខ្លាច​តែ​ជំងឺ​រាតត្បាតមាន​ជាអាទិ៍​ជំងឺ​គ្រុន​ស្វិតដៃជើង វាយលុក​លើ​តំបន់​ហ្កាហ្សាទេ ព្រោះ​គេ​បាន​រក​ឃើញ​សំណាក​មេរោគ​គ្រុនស្វិតដៃជើង​ ក្នុង​ទឹក​ស្អុយ​នៅ​ហ្កាហ្សា។

អង្គការ​សុខភាព​ពិភពលោក​ស្រែក​អាសន្ន​ពី​ជំងឺ​រាតត្បាត​គ្រុន​ស្វិតដៃជើង​នៅ​ហ្កាហ្សា AFP/File

ជា​ច្រើន​ខែ​មក​ហើយ ដែលអង្គការ​មនុស្ស​ធម៌​បាន​ស្រែក​ព្រមាន​ជា​បន្ត​បន្ទាប់​អំពី​គ្រោះហានិភ័យ​ ឃើញ​ពលរដ្ឋ​ស៊ីវិល​ហ្កាហ្សា​ស្លាប់​នឹង​ជំងឺ​ឆ្លង​ ច្រើនជាង​ស្លាប់​នឹង​សង្គ្រាម​ នៅ​អនាគត​ខាង​មុខ។ ពាក្យ​ថា​​អនាគត​នោះ​​ទំនង​កំពុងកើត​ឡើង​ហើយ​។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ អង្គការសុខភាពពិភពលោក​បាន​ប្រកាស​​រក​ឃើញ​សំណាក​មេរោគ​គ្រុន​ស្វិត​ដៃ​ជើង នៅ​ក្នុង​ទឹកប្រើប្រាស់​រួច​ នៅ​តំបន់​ហ្កាហ្សា។ ការ​រក​ឃើញ​នេះ ជា​តំណាង​នៃ​ក្តី​ព្រួយបារម្ភដ៏​ធំធេង ដែល​បញ្ជាក់​ថា​ ហានិភ័យ​ឃើញ​តំបន់​ហ្កាហ្សា​ធ្លាក់​ក្នុង​គ្រោះ​រាតត្បាត​ដោយមេរោគ​poliovirus ភ្នាក់ងារ​បង្ក​​ជំងឺ​គ្រុន​ស្វិតដៃជើង មាន​កំរិត​ខ្ពស់​ណាស់។ ថ្វីបើ​គិត​ត្រឹម​ថ្ងៃ​នេះ​ ពុំ​ទាន់​មានសេចក្តី​ប្រកាសរក​ឃើញ​​ផ្លូវការ​​​ករណី​គ្រុន​ស្វិត​ដៃជើង​កើ​ត​លើ​មនុស្ស​មែន ប៉ុន្តែ​សម្រាប់​អង្គការ​សុខភាពពិភពលោក​ ហានិភ័យ​នៅ​មិន​ឆ្ងាយ​ទេ។

​គ្រុន​ស្វិត​ដៃជើង ជា​​ជំងឺឆ្លង​ខ្លាំងណាស់​ និងឆ្លង​តាម​ទឹក​មិន​ស្អាត។ ​ជំងឺ​នេះ​បង្ក​ឡើង​ដោយមេរោគ​ ប៉ូលីយ៉ូវីរ៉ុស ដែល​នៅ​ពេល​ជ្រៀត​ចូល​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​មនុស្ស​ហើយ នឹង​អាច​បង្កក្នុង​រយៈ​ពេល​តែ​ពីរបី​​ម៉ោង​ឱ្យ​អវៈយវៈ​ស្វិត​កំរើក​លែង​បាន​ និង​មិន​ស្តារ​កាយសម្បទាដៃជើង​ស្វិត​នេះ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​បាន​ទេ។ គេ​​អាច​ការពារ​វា​បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ។ នៅ​មុនសង្គ្រាម ហ្កាហ្សា​ផ្តល់​ថ្នាំបង្ការ​គ្រុន​ស្វិតដៃជើង បាន​ក្នុង​អត្រា​៩០%។ ប៉ុន្តែ​តាំងពី​ផ្ទុះ​សង្គ្រាម​មក មន្ទីរពេទ្យ​ មណ្ឌល​សុខភាព​ មាន​ដំណើរការ​មិន​ដល់​ពាក់​កណ្តាល​ផង​ ហើយ​ពលរដ្ឋ​​មិន​អាច​ទៅ​​មន្ទីរពេទ្យបានទេ តើ​ធ្វើ​ដូចម្តេច​នឹង​អាច​ទទួល​បានការពារទៅ។

ខ្វះ​សព្វ​ខ្វះ​គ្រប់​ គ្មាន​ស្បៀងនិង​ទឹក​បរិភោគ​គ្រប់​គ្រាន់​ផង ពលរដ្ឋ​ពិត​ជា​មិន​អាច​គិត​ដល់​ការ​លាង​ដៃ​ បរិភោគ​ទឹក​ស្អាតដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​បាន​ទេ។​ ​នេះ​ជា​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​យ៉ាឌីល សាប៉ាបេកូវ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ ដែល​ព្រមាន​ថា ប្រសិន​បើ​គ្មាន​អ្វីរារាំងឱ្យ​បាន​ឆាប់រហ័ស​និង​ចំ​ទិសដៅ​​ទេ ជំងឺ​នេះ​​រាតត្បាត​​នៅ​ហ្កាហ្សា និង​​ឆ្លង​របង​ទៅ​ប្រទេស​ផ្សេងៗ​។

ប្រធាន​ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​សុខភាពពិភពលោក នៅ​ដែន​ដី​ហ្កាហ្សាដដែល​នេះ​ បាន​ប្រកាស​ថា​លោក​ព្រួយ​បារម្ភ​ខ្លាំង និង​ខ្លាំង​មែន​ទែន ចំពោះ​ស្ថានភាព​សុខភាព​នៅ​តំបន់​ហ្កាហ្សា​ ព្រោះហ្កាហ្សា​មិន​ត្រឹម​តែ​កំពុង​ប្រឈម​នឹង​ហានិភ័យ​រង​ការ​រាតត្បាត​ពី​ជំងឺ​គ្រុន​ស្វិតដៃជើងតែ​មួយ​មុខ​​ទេ តែ​អាច​មានផ្ទុះ​ជំងឺ​ឆ្លង​រាតត្បាត​ផ្សេង​ ដូច​ជា​ជំងឺ​រលាក​ថ្លើម​ប្រភេទ​អា ទៀតផង។​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ក្រុមការងារ​អង្គការ​សុខភាពពិភពលោក និង​មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ យូនិសេហ្វ នឹង​ចុះ​ទៅ​ហ្កាហ្សា​ដើម្បី​ប្រមូល​សំណាក​បន្ថែម​ ហើយ​ធ្វើ​ការ​វាយតម្លៃ​អំពី​ទំហំ​នៃ​ការ​រីករាលដាល​របស់​ប៉ូលីយ៉ូវីរ៉ុស ដោយអាច​​ចេញ​អនុសាសន៍ណែនាំ​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ៕

Post a Comment

Previous Post Next Post