Israel-Gaza War
គេពុំធ្លាប់ឃើញមានអ្នកជំងឺគ្រុនស្វិតដៃជើងនៅតំបន់ហ្កាហ្សា អស់រយៈពេលជាង២៥ឆ្នាំមកហើយ។ ប៉ុន្តែអ្វីៗអាចនឹងប្តូរផ្លាស់បាន។ ពេលនេះ ហ្កាហ្សាកំពុងស្ថិតលើមាត់ជ្រោះនៃហានិភ័យ។ នៅថ្ងៃអង្គារម្សិលមិញ អង្គការសុខភាពពិភពលោកបានប្រកាសថាព្រួយបារម្ភខ្លាំងណាស់ ខ្លាចតែជំងឺរាតត្បាតមានជាអាទិ៍ជំងឺគ្រុនស្វិតដៃជើង វាយលុកលើតំបន់ហ្កាហ្សាទេ ព្រោះគេបានរកឃើញសំណាកមេរោគគ្រុនស្វិតដៃជើង ក្នុងទឹកស្អុយនៅហ្កាហ្សា។
អង្គការសុខភាពពិភពលោកស្រែកអាសន្នពីជំងឺរាតត្បាតគ្រុនស្វិតដៃជើងនៅហ្កាហ្សា AFP/File |
ជាច្រើនខែមកហើយ ដែលអង្គការមនុស្សធម៌បានស្រែកព្រមានជាបន្តបន្ទាប់អំពីគ្រោះហានិភ័យ ឃើញពលរដ្ឋស៊ីវិលហ្កាហ្សាស្លាប់នឹងជំងឺឆ្លង ច្រើនជាងស្លាប់នឹងសង្គ្រាម នៅអនាគតខាងមុខ។ ពាក្យថាអនាគតនោះទំនងកំពុងកើតឡើងហើយ។ នៅថ្ងៃអង្គារម្សិលមិញ អង្គការសុខភាពពិភពលោកបានប្រកាសរកឃើញសំណាកមេរោគគ្រុនស្វិតដៃជើង នៅក្នុងទឹកប្រើប្រាស់រួច នៅតំបន់ហ្កាហ្សា។ ការរកឃើញនេះ ជាតំណាងនៃក្តីព្រួយបារម្ភដ៏ធំធេង ដែលបញ្ជាក់ថា ហានិភ័យឃើញតំបន់ហ្កាហ្សាធ្លាក់ក្នុងគ្រោះរាតត្បាតដោយមេរោគpoliovirus ភ្នាក់ងារបង្កជំងឺគ្រុនស្វិតដៃជើង មានកំរិតខ្ពស់ណាស់។ ថ្វីបើគិតត្រឹមថ្ងៃនេះ ពុំទាន់មានសេចក្តីប្រកាសរកឃើញផ្លូវការករណីគ្រុនស្វិតដៃជើងកើតលើមនុស្សមែន ប៉ុន្តែសម្រាប់អង្គការសុខភាពពិភពលោក ហានិភ័យនៅមិនឆ្ងាយទេ។
គ្រុនស្វិតដៃជើង ជាជំងឺឆ្លងខ្លាំងណាស់ និងឆ្លងតាមទឹកមិនស្អាត។ ជំងឺនេះបង្កឡើងដោយមេរោគ ប៉ូលីយ៉ូវីរ៉ុស ដែលនៅពេលជ្រៀតចូលដល់ប្រព័ន្ធប្រសាទរបស់មនុស្សហើយ នឹងអាចបង្កក្នុងរយៈពេលតែពីរបីម៉ោងឱ្យអវៈយវៈស្វិតកំរើកលែងបាន និងមិនស្តារកាយសម្បទាដៃជើងស្វិតនេះឱ្យល្អប្រសើរឡើងវិញបានទេ។ គេអាចការពារវាបានដោយការចាក់ថ្នាំបង្ការ។ នៅមុនសង្គ្រាម ហ្កាហ្សាផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើង បានក្នុងអត្រា៩០%។ ប៉ុន្តែតាំងពីផ្ទុះសង្គ្រាមមក មន្ទីរពេទ្យ មណ្ឌលសុខភាព មានដំណើរការមិនដល់ពាក់កណ្តាលផង ហើយពលរដ្ឋមិនអាចទៅមន្ទីរពេទ្យបានទេ តើធ្វើដូចម្តេចនឹងអាចទទួលបានការពារទៅ។
ខ្វះសព្វខ្វះគ្រប់ គ្មានស្បៀងនិងទឹកបរិភោគគ្រប់គ្រាន់ផង ពលរដ្ឋពិតជាមិនអាចគិតដល់ការលាងដៃ បរិភោគទឹកស្អាតដើម្បីទប់ស្កាត់ការចម្លងជំងឺបានទេ។ នេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិតយ៉ាឌីល សាប៉ាបេកូវ តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ ដែលព្រមានថា ប្រសិនបើគ្មានអ្វីរារាំងឱ្យបានឆាប់រហ័សនិងចំទិសដៅទេ ជំងឺនេះរាតត្បាតនៅហ្កាហ្សា និងឆ្លងរបងទៅប្រទេសផ្សេងៗ។
ប្រធានក្រុមការងារសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក នៅដែនដីហ្កាហ្សាដដែលនេះ បានប្រកាសថាលោកព្រួយបារម្ភខ្លាំង និងខ្លាំងមែនទែន ចំពោះស្ថានភាពសុខភាពនៅតំបន់ហ្កាហ្សា ព្រោះហ្កាហ្សាមិនត្រឹមតែកំពុងប្រឈមនឹងហានិភ័យរងការរាតត្បាតពីជំងឺគ្រុនស្វិតដៃជើងតែមួយមុខទេ តែអាចមានផ្ទុះជំងឺឆ្លងរាតត្បាតផ្សេង ដូចជាជំងឺរលាកថ្លើមប្រភេទអា ទៀតផង។ នៅថ្ងៃព្រហស្បតិ៍ស្អែក ក្រុមការងារអង្គការសុខភាពពិភពលោក និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ យូនិសេហ្វ នឹងចុះទៅហ្កាហ្សាដើម្បីប្រមូលសំណាកបន្ថែម ហើយធ្វើការវាយតម្លៃអំពីទំហំនៃការរីករាលដាលរបស់ប៉ូលីយ៉ូវីរ៉ុស ដោយអាចចេញអនុសាសន៍ណែនាំនៅថ្ងៃអាទិត្យខាងមុខ៕
إرسال تعليق