Breaking News :

មន្ទីរបញ្ចកោណអាមេរិក ព្រួយ​បារម្ភជា​​ខ្លាំងអំ​ពី​សកម្មភាព​រុស្ស៊ីនិង​ចិន​នៅ​តំបន់​អាកទិក

 United State 

ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសម្តែងក្តីព្រួយបារម្ភអំពីការខិតទៅជិតគ្នាកាន់តែខ្លាំងរវាងក្រុងប៉េកាំងនិងម៉ូស្គូ នៅតំបន់ប៉ូលខាងជើង។ ការថ្លែងក្តីបារម្ភរបស់មន្ទីរបញ្ចកោណ គ្រានេះ ក៏ព្រោះតែ ចិននិងរុស្ស៊ី កាន់តែពួតដៃសហការគ្នានៅវិស័យពាណិជ្ជកម្មនិងថាមពល ក្នុងតំបន់ទឹកកកអាកទិក។ អាកទិក ជាទីដែល សហរដ្ឋអាមេរិក ចាត់ទុកជាមូលដ្ឋានយុទ្ធសាស្ត្រ១ដ៏សំខាន់។ នៅចំពោះមុខសភាពការណ៍កាន់តែគួរព្រួយ,  មន្ទីរបញ្ចកោណ បានបើកដំណើរការមូលដ្ឋានយោធាមួយចំនួនឡើងវិញ។ 

លោកស្រី ខាតធ្លីន ហេក្ស៍ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ថ្លែងក្តីព្រួយអំពី ចិននិងរុស្ស៊ី ដែលកាន់តែពួតដៃសហការគ្នានៅវិស័យពាណិជ្ជកម្មនិងថាមពល ក្នុងតំបន់ទឹកកកអាក់ទិក។ AP - Kevin Wolf


​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោន​ បាន​សង្កេត​ឃើញ​សកម្មភាព​​ រុស្ស៊ី​ និង ​ចិន​ សហការគ្នា​កាន់តែ​ខ្លាំងឡើងៗ លើវិស័យ​ពាណិជ្ជកម្ម នៅតំបន់​ទឹកកក​អាកទិក។ អាក់ទិក​ ដែល​មហាយក្សចិន​ ជា​អ្នក​វិនិយោទុន​១ដ៏ធំជាងគេ ​ក្នុង​ផ្នែក​ចម្រាញ់​ថាមពល​រុស្ស៊ី នៅ​​ប៉ូលខាងជើង។ មិនតែប៉ុណ្ណោះ ប្រទេស​ទាំង​២​ ថែមទាំងបាន​ធ្វើសមយុទ្ធរួមគ្នា​ជាច្រើន​លើក នៅ​ក្បែរ​ៗ​នឹងរដ្ឋអាឡាស្កា របស់អាមេរិក ទៀត​ផង​​។

ការ​សម្តែង​ក្តីបារម្ភ​លើទិដ្ឋភាព​ពាណិជ្ជកម្ម​និង​យោធានេះ ធ្វើឡើងពីសំណាក់​​​ លោកស្រី ខាតធ្លីន ហេក្ស៍ (Kathleen Hicks) អនុរដ្ឋមន្ត្រី​​ក្រសួងការពារជាតិ​អាមេរិក​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ លោកស្រី​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​មន្ទីរបញ្ចកោណរូបនេះ បាន​សង្កត់ទៀតថា បញ្ហាដែល​កាន់តែ​សម្រួល​ឲ្យរដ្ឋអំណាច​ចិន ​ពង្រីក​នាវាចរ​ទៅ​តំបន់​ប៉ូល​ខាងជើង​នោះ ក៏ព្រោះតែ​ការ​រំលាយទឹក។ ទឹកកករលាយ មកពីការប្រែប្រួល​កម្តៅផែនដី ដែល​ធ្វើឲ្យ​ ចិន​ធ្វើ​នាវាចរ​កាន់តែ​​​ស្រួល​ជាងមុន។

ផ្ទុយ​ពីក្តីបារម្ភ​របស់​ក្រុង​វ៉ាស៊ីនតោន រដ្ឋបាល​ក្រុង​ប៉េកាំងថា ចិន​សន្យារក្សាការពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​តំបន់​អាកទិក។ នេះបើតាម​ការ​គូស​បញ្ជាក់​របស់លោកស្រី ម៉ៅ នីង​ អ្ន​កនាំពាក្យ​ក្រសួងការបរទេស​ចិន ដោយ​បន្ថែមថា យុទ្ធសាស្ត្រ​នយោបាយ​របស់ចិន​នៅ​តំបន់​ប៉ូលខាងជើង ឈរលើស្មារតីគោរពគ្នា សហប្រតិបត្តិ​ការ និង​បែងចែក​ប្រយោជន៍​រួម​គ្នា ព្រមទាំង​ធានា​និរន្តរភាព។​

ជាមួយ​គ្នាដែរ​​នេះ ​រុស្ស៊ីក៏​ធានា​អំពី​ជំហរ​ទទួល​ខុសត្រូវ​នៅតំបន់​អាកទិក ហើយ​​បញ្ជៀស​ភាព​តាន​តឹង​និងការ​មិន​យល់ស្របគ្នា​នៅ​តំបន់​យុទ្ធសាស្ត្រ​ដ៏សំខាន់​នេះ។ នេះបើតាម​អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង​ លោក ឌីមីទ្រី បេស្កូវ ដោយ​បញ្ជាក់ទៀថា កិច្ចសហការ​របស់​ក្រុង​​ម៉ូស្គូ​និង​ប៉េកាំង​នៅ​តំបន់​អាកទិក មាន​តែ​ជះផល​វិជ្ជមាន​វិបុលភាព​ ស្ថិរភាព​ គួរឲ្យ​ជឿទុក​ចិត្ត​បាន។​

បើ​តាមការផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មានបារាំង​អាអែហ្វប៉េ​,  ​តំបន់​ប៉ូល​ខាងជើង នា​​រដូវខែក្តៅខ្លាំង ​អាច​នឹងជួប​ពេលវេលា​គ្មាន​ទឹកកក​ ​ ពីគ្រានេះទៅ​ឆ្នាំ២០៣០។​ ការរលាយទឹកកក​នៅតំបន់​ប៉ូលខាងជើង បាន​ជំរុញ​ឲ្យ​ប្រទេស​មហាអំណាច​ធំៗ ពិសេស​មហាយក្ស​ចិន សម្រុក​ទៅ​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​នៅទីនោះ ដោយ​ផ្តើម​សហការ​ជាមួយ​​រុស្ស៊ី​ជាមិត្ត ដើម្បី​ជីក​អណ្តូង​រ៉ែ យក​ប្រេង និង​ឧស្ម័​នហ្កាស ព្រ​មទាំងទាញ​យកធនធាន​មាន​តម្លៃផ្សេងទៀត នៅ​ក្រោម​សមុទ្រ​។ រុស្ស៊ី​ ជាច្រើន​ឆ្នាំមកនេះ បាន​អភិវឌ្ឈផ្លូវ​នាវាចរ​នៅ​តំបន់អាកទិក ​ដោយ​ប្រសិទ្ធនាមថា «ផ្លូវសមុទ្រ​ខាងជើង​» ដើម្បីភ្ជាប់​ខ្សែពាណិជ្ជកម្ម​ រវាង ​អឺរ៉ុប ​និង អាស៊ី។ តាមរយៈ​ផ្លូវ​សមុទ្រថ្មីនេះ​ អាជ្ញាធរ​រុស្ស៊ី​សង្ឃឹម​ថា​នាំទំនិញ​រុស្ស៊ី​ចេញ​ឲ្យ​បាន រង្វង់​​ ១៩០ លាន​តោន​ នៅ​ ៥ - ៦ឆ្នាំទៀត។​

ការ​ខិតចូល​​កៀកគ្នា​រវាងចិន​និងរុស្ស៊ី​នៅ​តំបន់​ប៉ូល​ខាងជើង​ ធ្វើឲ្យ​ប៉ះពាល់​ផលប្រយោជន៍​អាមេរិក។ សហ​រដ្ឋអា​មេរិក​ ក៏​បា​នចាត់ទុក​ អាកទិក ជា​តំបន់​យុទ្ធសាស្ត្រ​ដ៏សំខាន់​១របស់ខ្លួន​ដែរ​។ នា​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ ​បាន​ពង្រីក​វត្តមាន​កងទ័ព និងកែសម្រួល​​ជួសជុល​រចនាសម្ព័ន្ធ​យោធា​ នៅទីកន្លែង​តំបន់​ប៉ូល​ខាងជើង​នោះ ព្រមទាំង​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើងវិញ ទីតាំងមូលដ្ឋាន​យោធា និង ​ចំណត​យន្តហោះ​ ជាច្រើន​កន្លែង ដែល​ធ្លាប់តែបាន​បិទចោល ជា​ច្រើន​ទសវត្សរ៍​ តាំងពី​សម័យ​សហភាពសូវៀត​ផុត​រលត់ទៅ​​​៕

អត្តបទនៃសេចក្ដីរាយការណ៌នេះដកស្រង់តាម​ ទីភ្នាក់ងារ​ RFI

Post a Comment

Previous Post Next Post