United State
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសម្តែងក្តីព្រួយបារម្ភអំពីការខិតទៅជិតគ្នាកាន់តែខ្លាំងរវាងក្រុងប៉េកាំងនិងម៉ូស្គូ នៅតំបន់ប៉ូលខាងជើង។ ការថ្លែងក្តីបារម្ភរបស់មន្ទីរបញ្ចកោណ គ្រានេះ ក៏ព្រោះតែ ចិននិងរុស្ស៊ី កាន់តែពួតដៃសហការគ្នានៅវិស័យពាណិជ្ជកម្មនិងថាមពល ក្នុងតំបន់ទឹកកកអាកទិក។ អាកទិក ជាទីដែល សហរដ្ឋអាមេរិក ចាត់ទុកជាមូលដ្ឋានយុទ្ធសាស្ត្រ១ដ៏សំខាន់។ នៅចំពោះមុខសភាពការណ៍កាន់តែគួរព្រួយ, មន្ទីរបញ្ចកោណ បានបើកដំណើរការមូលដ្ឋានយោធាមួយចំនួនឡើងវិញ។
លោកស្រី ខាតធ្លីន ហេក្ស៍ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ថ្លែងក្តីព្រួយអំពី ចិននិងរុស្ស៊ី ដែលកាន់តែពួតដៃសហការគ្នានៅវិស័យពាណិជ្ជកម្មនិងថាមពល ក្នុងតំបន់ទឹកកកអាក់ទិក។ AP - Kevin Wolf |
រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានសង្កេតឃើញសកម្មភាព រុស្ស៊ី និង ចិន សហការគ្នាកាន់តែខ្លាំងឡើងៗ លើវិស័យពាណិជ្ជកម្ម នៅតំបន់ទឹកកកអាកទិក។ អាក់ទិក ដែលមហាយក្សចិន ជាអ្នកវិនិយោទុន១ដ៏ធំជាងគេ ក្នុងផ្នែកចម្រាញ់ថាមពលរុស្ស៊ី នៅប៉ូលខាងជើង។ មិនតែប៉ុណ្ណោះ ប្រទេសទាំង២ ថែមទាំងបានធ្វើសមយុទ្ធរួមគ្នាជាច្រើនលើក នៅក្បែរៗនឹងរដ្ឋអាឡាស្កា របស់អាមេរិក ទៀតផង។
ការសម្តែងក្តីបារម្ភលើទិដ្ឋភាពពាណិជ្ជកម្មនិងយោធានេះ ធ្វើឡើងពីសំណាក់ លោកស្រី ខាតធ្លីន ហេក្ស៍ (Kathleen Hicks) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក។ ក្នុងសន្និសីទសារព័ត៌មាន លោកស្រីអ្នកទទួលខុសត្រូវជាន់ខ្ពស់មន្ទីរបញ្ចកោណរូបនេះ បានសង្កត់ទៀតថា បញ្ហាដែលកាន់តែសម្រួលឲ្យរដ្ឋអំណាចចិន ពង្រីកនាវាចរទៅតំបន់ប៉ូលខាងជើងនោះ ក៏ព្រោះតែការរំលាយទឹក។ ទឹកកករលាយ មកពីការប្រែប្រួលកម្តៅផែនដី ដែលធ្វើឲ្យ ចិនធ្វើនាវាចរកាន់តែស្រួលជាងមុន។
ផ្ទុយពីក្តីបារម្ភរបស់ក្រុងវ៉ាស៊ីនតោន រដ្ឋបាលក្រុងប៉េកាំងថា ចិនសន្យារក្សាការពារសន្តិភាពនិងស្ថិរភាពនៅតំបន់អាកទិក។ នេះបើតាមការគូសបញ្ជាក់របស់លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន ដោយបន្ថែមថា យុទ្ធសាស្ត្រនយោបាយរបស់ចិននៅតំបន់ប៉ូលខាងជើង ឈរលើស្មារតីគោរពគ្នា សហប្រតិបត្តិការ និងបែងចែកប្រយោជន៍រួមគ្នា ព្រមទាំងធានានិរន្តរភាព។
ជាមួយគ្នាដែរនេះ រុស្ស៊ីក៏ធានាអំពីជំហរទទួលខុសត្រូវនៅតំបន់អាកទិក ហើយបញ្ជៀសភាពតានតឹងនិងការមិនយល់ស្របគ្នានៅតំបន់យុទ្ធសាស្ត្រដ៏សំខាន់នេះ។ នេះបើតាមអ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌីមីទ្រី បេស្កូវ ដោយបញ្ជាក់ទៀថា កិច្ចសហការរបស់ក្រុងម៉ូស្គូនិងប៉េកាំងនៅតំបន់អាកទិក មានតែជះផលវិជ្ជមានវិបុលភាព ស្ថិរភាព គួរឲ្យជឿទុកចិត្តបាន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំងអាអែហ្វប៉េ, តំបន់ប៉ូលខាងជើង នារដូវខែក្តៅខ្លាំង អាចនឹងជួបពេលវេលាគ្មានទឹកកក ពីគ្រានេះទៅឆ្នាំ២០៣០។ ការរលាយទឹកកកនៅតំបន់ប៉ូលខាងជើង បានជំរុញឲ្យប្រទេសមហាអំណាចធំៗ ពិសេសមហាយក្សចិន សម្រុកទៅធ្វើសកម្មភាពពាណិជ្ជកម្មនៅទីនោះ ដោយផ្តើមសហការជាមួយរុស្ស៊ីជាមិត្ត ដើម្បីជីកអណ្តូងរ៉ែ យកប្រេង និងឧស្ម័នហ្កាស ព្រមទាំងទាញយកធនធានមានតម្លៃផ្សេងទៀត នៅក្រោមសមុទ្រ។ រុស្ស៊ី ជាច្រើនឆ្នាំមកនេះ បានអភិវឌ្ឈផ្លូវនាវាចរនៅតំបន់អាកទិក ដោយប្រសិទ្ធនាមថា «ផ្លូវសមុទ្រខាងជើង» ដើម្បីភ្ជាប់ខ្សែពាណិជ្ជកម្ម រវាង អឺរ៉ុប និង អាស៊ី។ តាមរយៈផ្លូវសមុទ្រថ្មីនេះ អាជ្ញាធររុស្ស៊ីសង្ឃឹមថានាំទំនិញរុស្ស៊ីចេញឲ្យបាន រង្វង់ ១៩០ លានតោន នៅ ៥ - ៦ឆ្នាំទៀត។
ការខិតចូលកៀកគ្នារវាងចិននិងរុស្ស៊ីនៅតំបន់ប៉ូលខាងជើង ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍អាមេរិក។ សហរដ្ឋអាមេរិក ក៏បានចាត់ទុក អាកទិក ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់១របស់ខ្លួនដែរ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានពង្រីកវត្តមានកងទ័ព និងកែសម្រួលជួសជុលរចនាសម្ព័ន្ធយោធា នៅទីកន្លែងតំបន់ប៉ូលខាងជើងនោះ ព្រមទាំងបានបើកឲ្យដំណើរការឡើងវិញ ទីតាំងមូលដ្ឋានយោធា និង ចំណតយន្តហោះ ជាច្រើនកន្លែង ដែលធ្លាប់តែបានបិទចោល ជាច្រើនទសវត្សរ៍ តាំងពីសម័យសហភាពសូវៀតផុតរលត់ទៅ៕
អត្តបទនៃសេចក្ដីរាយការណ៌នេះដកស្រង់តាម ទីភ្នាក់ងារ RFI
إرسال تعليق