Breaking News :

​អាជ្ញាធរ​ជាតិ​អប្សរា​ ​ចុះ​ពិនិត្យ​ដើមឈើ​ក្នុង​ឧទ្យាន​អង្គរ​

 Cambodia 

នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ ​ព្រៃឈើ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ចុះ​ត្រួតពិនិត្យ​ ​និង​អនុវត្ត​វិធាន​ការបន្ទាន់​លើ​ដើមឈើ​មួយ​ចំនួន​ក្នុង​ឧទ្យាន​អង្គរ​ ​ដើម្បី​ធានា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ ​និង​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​។​ ​អាជ្ញាធរ​ជាតិ​អប្សរា

​អាជ្ញាធរ​ជាតិ​អប្សរា​ ​កំពុង​ពិនិត្យ​ស្ថានភាព​ដើមឈើ​ក្នុង​ឧទ្យាន​អង្គរ​ ​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ ​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​ដ៏​សោកនាដកម្ម​មួយ​កាលពី​ស​ប្តាហ៍​មុន​ ​នៅពេលដែល​ដើម​ឈើមួយដើម​បាន​ដួល​រលំ​ ​បណ្តាលឲ្យមាន​មនុស្ស​ស្លាប់​ ​និង​របួស​ ​នេះ​បើ​យោង​តាម​លោក​ ​ឡុង​ ​កុសល​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ការ​សម្រេច​ចុះ​ពិនិត្យ​ដើមឈើ​ក្នុង​ឧទ្យាន​អង្គរ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​ដើមឈើ​រលំ​សង្កត់​មនុស្ស​ស្លាប់​ម្នាក់​ ​របួស​៣​នាក់​ ​និង​ខូចខាត​រូបសំណាក​នៅ​គល់​ស្ពាន​ទន្លេ​អុំ​ ​ក្នុង​ឧទ្យាន​អង្គរ​ ​ក្នុង​ពេល​ព្យុះភ្លៀង​កាលពី​ថ្ងៃអង្គារ​ស​ប្តាហ៍​មុន​។​

​លោក​បាន​មានប្រសាសន៍ថា​ ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ ​កំពុង​ចុះ​ពិនិត្យ​ដើមឈើ​ក្នុង​ឧទ្យាន​បុរាណ​អង្គរ​ ​ហើយនឹង​កាត់​ ​និង​ដក​មែកឈើ​ណា​ដែល​បង្ក​ហា​និ​ភ័យ​ដល់​ភ្ញៀវ​ទេសចរ​។​

​«​យើង​ចង់​ការពារ​គ្រោះថ្នាក់​ផ្សេងទៀត​ដែល​អាច​កើតមានឡើង​។​ ​ការ​ចុះ​ពិនិត្យមើល​ដើមឈើ​ក្នុង​ឧទ្យាន​បុរាណ​អង្គរ​ជា​វិធានការ​សុវត្ថិភាព​ក្នុង​គោលបំណង​ការពារ​ភ្ញៀវ​ទេសចរ​។​ ​យើង​ចង់ឲ្យ​មនុស្ស​ដែល​មក​ទស្សនា​ឧទ្យាន​មាន​អនុ​ស្សា​វ​រី​យ៍​ល្អ​»​។​

​លោក​ពន្យល់​ថា​ ​ការ​កាត់​ដើមឈើ​នឹង​ត្រូវធ្វើ​ឡើង​ដោយ​អ្នកជំនាញ​ ​ដោយមាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេស​ច​ត្រូវ​ប្រុងប្រយ័ត្ន​ជុំវិញ​ដើមឈើ​ធំ​ៗ​នៅ​ពេល​ចូល​ទស្សនា​ឧទ្យាន​ ​ព្រោះ​មាន​ភ្លៀង​ធ្លាក់​ ​និង​ខ្យល់ព្យុះ​ខ្លាំង​នៅ​តំបន់​អង្គរ​។​

​លោក​បាន​បន្ត​ថា​៖​ ​«​ពេលថ្មីៗនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​អង្គរ​ ​ដូច្នេះ​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​មក​ទស្សនា​ប្រាសាទ​ត្រូវ​បាន​ក្រើន​រំលឹក​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​»​។​

​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា​ ​បានឲ្យ​ដឹង​ថា​ ​ដើមឈើ​ដែល​បាន​រ​លំនៅ​គល់​ស្ពាន​ទន្លេ​អុំ​ត្រូវ​បាន​គេ​ស​ម្អា​ត​ចេញ​តាំងពី​ពេល​នោះ​ ​ហើយ​ការ​ធ្វើ​ចរាចរណ៍​នៅ​តំបន់​នេះ​បាន​ដំណើរការ​ឡើងវិញ​។​

​ទាក់ទិន​នឹង​គ្រោះថ្នាក់​កាលពី​ស​ប្តាហ៍​មុននេះ​ ​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (​CAT​A​) ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ ​ឧបទ្ទវហេតុ​នេះ​បង្ហាញ​ពី​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​ក្នុង​ការធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​។

​លោកស្រី​បាន​បន្ត​ថា​៖​ ​«​ទោះបីជា​នេះ​ជា​គ្រោះ​ធម្មជាតិ​ដែល​គ្មាន​អ្នកណា​ដឹងមុន​ក៏ដោយ​ ​ប៉ុន្តែ​វា​បង្ហាញ​ពី​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​។​ ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ដូចជា​ប៉ុន្មាន​ឆ្នាំមុន​ករណី​ស្រដៀងគ្នា​នេះ​ក៏​កើតឡើង​ដែរ​»​។​ ​«​ត្រូវ​មាន​ក្រុម​ការងារ​ដែល​ផ្ដោ​ត​លើ​ការ​ត្រួតពិនិត្យមើល​ដើមឈើ​ ​ព្រោះ​មាន​ដើមឈើ​ចាស់​និង​មាន​អាយុកាល​យូរ​»​។​

​លោកស្រី​បាន​បន្ថែម​ថា​ ​ឧបទ្ទវហេតុ​នេះ​នឹង​ប៉ះពាល់​ដល់​ប្រជាជន​ ​និង​ប្រាសាទ​ ​ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ ​ដើម្បី​ទប់​ស្កាត់​ឧបទ្ទវហេតុ​បែប​នេះ​។​

​លោកស្រី​បាន​បន្ត​ថា​៖​ ​«​វា​មាន​សារសំខាន់​ណាស់​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​រក្សា​សន្តិសុខ​ ​និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ ​ហើយ​ឧបទ្ទវហេតុ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នកទេសចរ​ពិចារណា​ឡើងវិញ​ក្នុង​ការ​មក​ទស្សនា​ឧទ្យាន​អង្គរ​ ​ដោយសារតែ​បារម្ភ​ពី​សុវត្ថិភាព​។​

​លោកស្រី​បាន​បន្ត​ថា​៖​ ​«​ភ្ញៀវ​ទេសចរ​ដែល​គ្រោង​នឹង​មក​ប្រហែលជា​ភ័យខ្លាច​ ​ហើយ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅលេង​តំបន់​នេះ​»​។​ ​

អាជ្ញាធរ​បាន​ខិតខំ​ផ្តល់​ដំណឹង​ដល់​ភ្ញៀវ​ទេសចរ​អំពី​វិធានការ​សុវត្ថិភាព​។​ ​ទោះ​យ៉ាងណា​ ​លោកស្រី​បាន​លើកឡើង​ថា​ ​វា​មិន​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​គ្រោះថ្នាក់​ ​និង​របួស​ផ្សេងៗ​នោះ​ទេ​។​

​ទន្ទឹម​នឹង​ការ​ផ្សព្វផ្សាយ​អំពី​យន្ត​ការ​សុវត្ថិភាព​ ​ការ​ត្រួតពិនិត្យ​ឲ្យបាន​ទៀងទាត់​បន្ថែម​ទៀត​ ​គួរតែ​ធ្វើឡើង​មិន​ត្រឹមតែ​លើ​ដើមឈើ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ថែមទាំង​ពិនិត្យ​លើ​អ្វី​ផ្សេងទៀត​ដែល​អាចប​ង្ក​គ្រោះថ្នាក់​ដល់​សាធារណជន​។​

​លោកស្រី​បាន​បន្ត​ថា​៖​ ​«​មាន​ព័ត៌មាន​អំពី​នីតិវិធី​សុវត្ថិភាព​សម្រាប់​ប្រជាជន​ក្នុង​ការ​អនុវត្ត​នៅពេលដែល​ពួកគេ​ទៅលេង​ក្នុង​រដូវវស្សា​។​ “​ប៉ុន្តែ​ខ្ញុំ​គិតថា​ ​វា​គួរតែ​ត្រូវ​បាន​ធ្វើ​អោយ​ទូលំទូលាយ​ ​និង​ញឹកញាប់​ជាង​នេះ​ ​។​ ​វា​ប្រហែលជា​មិន​ងាយស្រួល​នោះ​ទេ​ ​ដោយសារ​យើង​នៅខ្វះ​មន្ត្រី​ជំនាញ​ ​ហើយ​សម្រាប់​ដើមឈើ​ខ្លះ​ ​វា​ពិបាក​ប៉ាន់ស្មាន​នូវ​ស្ថានភាព​របស់​វា​ណាស់​»​។​

​លោកស្រី​ក៏បាន​អំពាវនាវ​ដល់​សាធារណជន​ ​បន្ត​ការប្រុងប្រយ័ត្ន​ ​និង​យកចិត្តទុកដាក់​ ​ជាពិសេស​នៅ​ពេល​មាន​ខ្យល់​កន្ត្រាក់​ ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ដើម្បី​ជៀសវាង​ការ​រង​របួស​ផ្សេងៗ​។​



Post a Comment

Previous Post Next Post