Cambodia
អាជ្ញាធរជាតិអប្សរា កំពុងពិនិត្យស្ថានភាពដើមឈើក្នុងឧទ្យានអង្គរ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ បន្ទាប់ពីមានឧបទ្ទវហេតុដ៏សោកនាដកម្មមួយកាលពីសប្តាហ៍មុន នៅពេលដែលដើមឈើមួយដើមបានដួលរលំ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស នេះបើយោងតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។
ការសម្រេចចុះពិនិត្យដើមឈើក្នុងឧទ្យានអង្គរបានធ្វើឡើងបន្ទាប់ពីមានឧប្បត្តិហេតុដើមឈើរលំសង្កត់មនុស្សស្លាប់ម្នាក់ របួស៣នាក់ និងខូចខាតរូបសំណាកនៅគល់ស្ពានទន្លេអុំ ក្នុងឧទ្យានអង្គរ ក្នុងពេលព្យុះភ្លៀងកាលពីថ្ងៃអង្គារសប្តាហ៍មុន។
លោកបានមានប្រសាសន៍ថា មន្ត្រីអាជ្ញាធរជាតិអប្សរា កំពុងចុះពិនិត្យដើមឈើក្នុងឧទ្យានបុរាណអង្គរ ហើយនឹងកាត់ និងដកមែកឈើណាដែលបង្កហានិភ័យដល់ភ្ញៀវទេសចរ។
«យើងចង់ការពារគ្រោះថ្នាក់ផ្សេងទៀតដែលអាចកើតមានឡើង។ ការចុះពិនិត្យមើលដើមឈើក្នុងឧទ្យានបុរាណអង្គរជាវិធានការសុវត្ថិភាពក្នុងគោលបំណងការពារភ្ញៀវទេសចរ។ យើងចង់ឲ្យមនុស្សដែលមកទស្សនាឧទ្យានមានអនុស្សាវរីយ៍ល្អ»។
លោកពន្យល់ថា ការកាត់ដើមឈើនឹងត្រូវធ្វើឡើងដោយអ្នកជំនាញ ដោយមានការត្រួតពិនិត្យពីមន្ត្រីជំនាញ។
លោកក៏បានអំពាវនាវដល់ភ្ញៀវទេសចត្រូវប្រុងប្រយ័ត្នជុំវិញដើមឈើធំៗនៅពេលចូលទស្សនាឧទ្យាន ព្រោះមានភ្លៀងធ្លាក់ និងខ្យល់ព្យុះខ្លាំងនៅតំបន់អង្គរ។
លោកបានបន្តថា៖ «ពេលថ្មីៗនេះមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់អង្គរ ដូច្នេះភ្ញៀវទេសចរទាំងអស់ដែលមកទស្សនាប្រាសាទត្រូវបានក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្ន»។
យោងតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើមឈើដែលបានរលំនៅគល់ស្ពានទន្លេអុំត្រូវបានគេសម្អាតចេញតាំងពីពេលនោះ ហើយការធ្វើចរាចរណ៍នៅតំបន់នេះបានដំណើរការឡើងវិញ។
ទាក់ទិននឹងគ្រោះថ្នាក់កាលពីសប្តាហ៍មុននេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានសម្តែងការព្រួយបារម្ភថា ឧបទ្ទវហេតុនេះបង្ហាញពីការធ្វេសប្រហែសរបស់អាជ្ញាធរក្នុងការធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។
លោកស្រីបានបន្តថា៖ «ទោះបីជានេះជាគ្រោះធម្មជាតិដែលគ្មានអ្នកណាដឹងមុនក៏ដោយ ប៉ុន្តែវាបង្ហាញពីការធ្វេសប្រហែសរបស់អាជ្ញាធរ។ នេះមិនមែនជាលើកទីមួយទេ ដូចជាប៉ុន្មានឆ្នាំមុនករណីស្រដៀងគ្នានេះក៏កើតឡើងដែរ»។ «ត្រូវមានក្រុមការងារដែលផ្ដោតលើការត្រួតពិនិត្យមើលដើមឈើ ព្រោះមានដើមឈើចាស់និងមានអាយុកាលយូរ»។
លោកស្រីបានបន្ថែមថា ឧបទ្ទវហេតុនេះនឹងប៉ះពាល់ដល់ប្រជាជន និងប្រាសាទ ដូច្នេះត្រូវយកចិត្តទុកដាក់បន្ថែម ដើម្បីទប់ស្កាត់ឧបទ្ទវហេតុបែបនេះ។
លោកស្រីបានបន្តថា៖ «វាមានសារសំខាន់ណាស់សម្រាប់អាជ្ញាធរក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ហើយឧបទ្ទវហេតុបែបនេះនឹងធ្វើឱ្យអ្នកទេសចរពិចារណាឡើងវិញក្នុងការមកទស្សនាឧទ្យានអង្គរ ដោយសារតែបារម្ភពីសុវត្ថិភាព។
លោកស្រីបានបន្តថា៖ «ភ្ញៀវទេសចរដែលគ្រោងនឹងមកប្រហែលជាភ័យខ្លាច ហើយស្ទាក់ស្ទើរក្នុងការទៅលេងតំបន់នេះ»។
អាជ្ញាធរបានខិតខំផ្តល់ដំណឹងដល់ភ្ញៀវទេសចរអំពីវិធានការសុវត្ថិភាព។ ទោះយ៉ាងណា លោកស្រីបានលើកឡើងថា វាមិនគ្រប់គ្រាន់ក្នុងការការពារគ្រោះថ្នាក់ និងរបួសផ្សេងៗនោះទេ។
ទន្ទឹមនឹងការផ្សព្វផ្សាយអំពីយន្តការសុវត្ថិភាព ការត្រួតពិនិត្យឲ្យបានទៀងទាត់បន្ថែមទៀត គួរតែធ្វើឡើងមិនត្រឹមតែលើដើមឈើប៉ុណ្ណោះ ប៉ុន្តែថែមទាំងពិនិត្យលើអ្វីផ្សេងទៀតដែលអាចបង្កគ្រោះថ្នាក់ដល់សាធារណជន។
លោកស្រីបានបន្តថា៖ «មានព័ត៌មានអំពីនីតិវិធីសុវត្ថិភាពសម្រាប់ប្រជាជនក្នុងការអនុវត្តនៅពេលដែលពួកគេទៅលេងក្នុងរដូវវស្សា។ “ប៉ុន្តែខ្ញុំគិតថា វាគួរតែត្រូវបានធ្វើអោយទូលំទូលាយ និងញឹកញាប់ជាងនេះ ។ វាប្រហែលជាមិនងាយស្រួលនោះទេ ដោយសារយើងនៅខ្វះមន្ត្រីជំនាញ ហើយសម្រាប់ដើមឈើខ្លះ វាពិបាកប៉ាន់ស្មាននូវស្ថានភាពរបស់វាណាស់»។
លោកស្រីក៏បានអំពាវនាវដល់សាធារណជន បន្តការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ជាពិសេសនៅពេលមានខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ដើម្បីជៀសវាងការរងរបួសផ្សេងៗ។
إرسال تعليق