Breaking News :

នាយករដ្ឋមន្ត្រី​អ៊ីតាលីទៅ​ចិន​ជាលើកទី១ បន្ទាប់ពី​ដកខ្លួន​ចេញពី​គម្រោង​ផ្លូវ​សូត្រ​ថ្មីរបស់ចិន

 International 


លោកស្រី ចរចា មេឡូនី នាយករដ្ឋមន្ត្រីអ៊ីតាលី អញ្ជើញទៅចិនជាលើកទី១ បន្ទាប់ពីដកខ្លួនចេញពីគម្រោងផ្លូវសូត្រថ្មីរបស់ចិន។ AP - Vincent Thian

នេះជាលើកទី១ ដែល​លោកស្រី ចរចា មេឡូនី អញ្ជើញ​ទៅ​កាន់​ប្រទេសចិន តាំងពីឡើង​កាន់តំណែង​​នាយក​រដ្ឋ​មន្ត្រី​​អ៊ីតាលី នៅ​២០២២​។ ឆ្នាំ២០២២ ដែល​ អ៊ីតាលី បាន​ប្រកាស​ដកខ្លួន​ពី​គម្រោង​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​១ខ្សែក្រវាត់១ ដ្បិតលោកស្រី ចរចា មេឡូនី យល់ថា ការ​ចូល​ជាសមាជិក​របស់​អ៊ីតាលី​ ក្នុង​​គម្រោង​ផ្លូវ​សូត្រ​ថ្មីរបស់​ចិន​ «ជាកំហុស​ធ្ងន់ធ្ងរ​» ព្រោះ​តែ​នាំឲ្យ ​រដ្ឋអំណាច​ចិន ​​ជះឥទ្ធិពល​ខ្លាំង​នៅបរទេស។ ចាប់​ពីពេលនោះមក ប្រទេស​ទាំង២ មើលមុខ​គ្នា​មិន​ចំប៉ុន្មាន​ឡើយ។​

ដំបៅ​របួស​ចាស់​ផ្តើម​ជាសះស្បើយ។​ គ្រានេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការនៅប្រទេស​ចិន​ ចំនួន ៥ ថ្ងៃ ពីថ្ងៃសៅរ៍ ទី​២៧ ដល់​ថ្ងៃពុធ ទី​៣១កក្កដា ថ្នាក់ដឹកនាំ​អ៊ីតាលី​ សង្ឃឹម​កសាង​ទំនុក​ចិត្ត​ពី​ថ្នាក់ដឹកនាំ​ចិន​ឡើងវិញ ហើយ​ផ្តើម​ជជែកពី​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​វិបត្តិសង្គ្រាម​អ៊ុយក្រែន​។  

​ក្នុង​ជំនួប​ជាមួយប្រធានាធិបតី​​ ស៊ី ជីនពីង កាលពី​ថ្ងៃចន្ទនៅ​​រដ្ឋធានីប៉េកាំង លោកស្រី ចរចា មេឡូនី ​ បានចាត់ទុក​តួនាទី​ដ៏​ចាំបាច់​របស់​ចិន ក្នុង​វិបត្តិ​ពិភព​លោក​។ លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី ប្រកាសថា​ ចិន ជាដៃគូចរចាដ៏សំខាន់ មិនអាចខ្វះបាន ក្នុងដំណោះស្រាយវិបត្តិ​អន្តរជាតិ​។ អាស្រ័យ​ហេតុ​នេះហើយ ចិន​និង​អ៊ីតាលី​ ត្រូវ​គិត​ពិចារណា​ទាំងអស់គ្នា​ដើម្បី​ធានា​ស្ថិរភាព​និង​សន្តិភាព​ពិភពលោក។​

ពីចំណែក​ខ្លួន ប្រមុខ​រដ្ឋ​ចិន ​ស៊ី ជីនពីង បាន​គូសបញ្ជាក់​ពី​មិត្តភាព​ដ៏​យូរអង្វែង​របស់​ទីក្រុង​រ៉ូម​និង​ប៉េកាំង ដោយប្រទេស​ទាំង២យោគយល់អធ្យាស្រ័យឲ្យគ្នា​ ជឿ​ទុកចិត្ត​គ្នា និង​គោរព​គ្នាទៅវិញទៅមក តែ​ភាគីទាំង២ ក៏​បាន​ជ្រើសរើស​ផ្លូវ​ផ្សេងៗដើម្បីការអភិវឌ្ឍ​រៀងៗខ្លួន​។​

ក្រៅពី​សំណុំ​រឿង​អន្តរជាតិ ភាគីទាំង២​បាន​គិតគូរ​ពី​ផលចំណេញ​រកស៊ី​ជាមួយគ្នា។​ កាលពី​ថ្ងៃ​អាទិត្យ, ១ថ្ងៃបន្ទាប់ទៅជាន់​ដីចិន លោកស្រី ចរចា មេឡូនី បាន​ជួប​ជាមួយ​ លោក លី ឈាំង ហើយ​នាយករដ្ឋមន្ត្រីទាំង២​ ​ក៏​បាន​ចុះកិច្ចព្រ​មព្រៀង​ធ្វើជា​ដៃគូយុទ្ធសាស្ត្រ​​ពាណិជ្ជកម្ម​ទ្វេភាគី​។ ទីក្រុង​រ៉ូម​និង​ប៉េកាំង​ សន្យា​​ពង្រឹង​កិច្ចសហការ​ផ្នែក​សាងសង់​មូលដ្ឋាន​នាវា សហការ​ផ្នែក​អវកាស ថាមពលកកើតឡើង បញ្ញាសិប្បនិមិត្ត​ និងសហគ្រាសធនតូច​និង​មធ្យម។​

អ៊ីតាលី​និង​ចិន ក៏​បានចុះ​​អនុស្សារណៈ​យោគយល់គ្នា​ផ្នែក​ឧស្សាហកម្ម​ផលិត​រថយន្ត​អគ្គិសនី​ និង​ថាមពល​កកើតឡើងវិញ។ លោកស្រី ចរចា មេឡូនី បាន​កោតសរសើរ​ចិន ​ថាចិន​បោះពួយ​ជឿលឿន​ទៅមុខ​ខ្លាំងក្នុងវិស័យទាំង​​នេះ ហើយ​ចិនក៏​​អាច​ចែករំលែក​ចំណេះ​ចេះដឹង​ថ្មី​ៗ​របស់ខ្លួន​ ទៅ​ដៃគូ​សហការ​ទៀត​ផង។

ជាលទ្ធផល​ ​ក្រុម​ហ៊ុនអ៊ីតាលី Stellantis និង​ក្រុមហ៊ុន Fiat ព្រមទាំ​ង​សហគ្រាស​ចិន Leapmotor ពួត​ដៃ​សហការផលិត​រថយន្ត​ដើរដោយ​ថាមពល​អគ្គិសនី​ ដើម្បី​​លក់​នៅ​ទីផ្សារ​អឺរ៉ុ​ប​។​

ត្រង់​ចំណុច​នេះ រដ្ឋអំណាច​ចិនសម្លឹង​មើលឃើញប្រយោជន៍ខ្លាំង ដ្បិត​ថា ​ចិន កំពុងតែ​ជួប​ភាព​តានតឹងជាមួយ​សហភាព​អឺរ៉ុប ពី​ព្រោះតែ​សហភាព​អឺរ៉ុប កាលពីដើម​ខែ​កក្កដា​នេះ បាន​អនុម័ត​ពន្ធនាំចូល​រថ​យន្ត​ផលិត​នៅស្រុក​ចិន ​រហូត​ដល់ ជិត​៤០%​​ ​ឯណោះ​​៕


Post a Comment

Previous Post Next Post