International
លោកស្រី ចរចា មេឡូនី នាយករដ្ឋមន្ត្រីអ៊ីតាលី អញ្ជើញទៅចិនជាលើកទី១ បន្ទាប់ពីដកខ្លួនចេញពីគម្រោងផ្លូវសូត្រថ្មីរបស់ចិន។ AP - Vincent Thian
នេះជាលើកទី១ ដែលលោកស្រី ចរចា មេឡូនី អញ្ជើញទៅកាន់ប្រទេសចិន តាំងពីឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអ៊ីតាលី នៅ២០២២។ ឆ្នាំ២០២២ ដែល អ៊ីតាលី បានប្រកាសដកខ្លួនពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ១ខ្សែក្រវាត់១ ដ្បិតលោកស្រី ចរចា មេឡូនី យល់ថា ការចូលជាសមាជិករបស់អ៊ីតាលី ក្នុងគម្រោងផ្លូវសូត្រថ្មីរបស់ចិន «ជាកំហុសធ្ងន់ធ្ងរ» ព្រោះតែនាំឲ្យ រដ្ឋអំណាចចិន ជះឥទ្ធិពលខ្លាំងនៅបរទេស។ ចាប់ពីពេលនោះមក ប្រទេសទាំង២ មើលមុខគ្នាមិនចំប៉ុន្មានឡើយ។
ដំបៅរបួសចាស់ផ្តើមជាសះស្បើយ។ គ្រានេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចំនួន ៥ ថ្ងៃ ពីថ្ងៃសៅរ៍ ទី២៧ ដល់ថ្ងៃពុធ ទី៣១កក្កដា ថ្នាក់ដឹកនាំអ៊ីតាលី សង្ឃឹមកសាងទំនុកចិត្តពីថ្នាក់ដឹកនាំចិនឡើងវិញ ហើយផ្តើមជជែកពីពាណិជ្ជកម្មទ្វេភាគី និងវិបត្តិសង្គ្រាមអ៊ុយក្រែន។
ក្នុងជំនួបជាមួយប្រធានាធិបតី ស៊ី ជីនពីង កាលពីថ្ងៃចន្ទនៅរដ្ឋធានីប៉េកាំង លោកស្រី ចរចា មេឡូនី បានចាត់ទុកតួនាទីដ៏ចាំបាច់របស់ចិន ក្នុងវិបត្តិពិភពលោក។ លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី ប្រកាសថា ចិន ជាដៃគូចរចាដ៏សំខាន់ មិនអាចខ្វះបាន ក្នុងដំណោះស្រាយវិបត្តិអន្តរជាតិ។ អាស្រ័យហេតុនេះហើយ ចិននិងអ៊ីតាលី ត្រូវគិតពិចារណាទាំងអស់គ្នាដើម្បីធានាស្ថិរភាពនិងសន្តិភាពពិភពលោក។
ពីចំណែកខ្លួន ប្រមុខរដ្ឋចិន ស៊ី ជីនពីង បានគូសបញ្ជាក់ពីមិត្តភាពដ៏យូរអង្វែងរបស់ទីក្រុងរ៉ូមនិងប៉េកាំង ដោយប្រទេសទាំង២យោគយល់អធ្យាស្រ័យឲ្យគ្នា ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក តែភាគីទាំង២ ក៏បានជ្រើសរើសផ្លូវផ្សេងៗដើម្បីការអភិវឌ្ឍរៀងៗខ្លួន។
ក្រៅពីសំណុំរឿងអន្តរជាតិ ភាគីទាំង២បានគិតគូរពីផលចំណេញរកស៊ីជាមួយគ្នា។ កាលពីថ្ងៃអាទិត្យ, ១ថ្ងៃបន្ទាប់ទៅជាន់ដីចិន លោកស្រី ចរចា មេឡូនី បានជួបជាមួយ លោក លី ឈាំង ហើយនាយករដ្ឋមន្ត្រីទាំង២ ក៏បានចុះកិច្ចព្រមព្រៀងធ្វើជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្មទ្វេភាគី។ ទីក្រុងរ៉ូមនិងប៉េកាំង សន្យាពង្រឹងកិច្ចសហការផ្នែកសាងសង់មូលដ្ឋាននាវា សហការផ្នែកអវកាស ថាមពលកកើតឡើង បញ្ញាសិប្បនិមិត្ត និងសហគ្រាសធនតូចនិងមធ្យម។
អ៊ីតាលីនិងចិន ក៏បានចុះអនុស្សារណៈយោគយល់គ្នាផ្នែកឧស្សាហកម្មផលិតរថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។ លោកស្រី ចរចា មេឡូនី បានកោតសរសើរចិន ថាចិនបោះពួយជឿលឿនទៅមុខខ្លាំងក្នុងវិស័យទាំងនេះ ហើយចិនក៏អាចចែករំលែកចំណេះចេះដឹងថ្មីៗរបស់ខ្លួន ទៅដៃគូសហការទៀតផង។
ជាលទ្ធផល ក្រុមហ៊ុនអ៊ីតាលី Stellantis និងក្រុមហ៊ុន Fiat ព្រមទាំងសហគ្រាសចិន Leapmotor ពួតដៃសហការផលិតរថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីលក់នៅទីផ្សារអឺរ៉ុប។
ត្រង់ចំណុចនេះ រដ្ឋអំណាចចិនសម្លឹងមើលឃើញប្រយោជន៍ខ្លាំង ដ្បិតថា ចិន កំពុងតែជួបភាពតានតឹងជាមួយសហភាពអឺរ៉ុប ពីព្រោះតែសហភាពអឺរ៉ុប កាលពីដើមខែកក្កដានេះ បានអនុម័តពន្ធនាំចូលរថយន្តផលិតនៅស្រុកចិន រហូតដល់ ជិត៤០% ឯណោះ៕
إرسال تعليق