រឿងអាស្រូវពុករលួយសូកប៉ាន់ពាក់ព័ន្ធនឹងជំទាវទី១ លោកស្រី គីម គុនហ៊ី ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង បានផ្ទុះកក្រើកឡើង ជាថ្មី។ ផ្ទុះល្បីរន្ទឺជាថ្មី ដ្បិតថា រដ្ឋអាជ្ញាពិសេសប្រឆាំងអំពើពុករលួយ បានបើកនីតិវិធីសួរចម្លើយ ជំទាវទី១កូរ៉េខាងត្បូង ដោយផ្ទាល់ចំពោះមុខ អស់ពេល ១២ ម៉ោង។ រឿងអាស្រូវនេះ បានធ្វើឲ្យលោកប្រធានាធិបតី យូន ស៊ុកយោល ដែលកំពុងតែអប្រជាប្រិយភាពស្រាប់ផង កាន់តែស្រអាប់កិត្តិយសថែមទៀត នៅក្នុងពិភពនយោបាយកូរ៉េខាងត្បូង។
រឿងអាស្រូវជាប់ទាក់ទិននឹងភរិយាប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវសាធារណៈមតិយកចិត្តទុកដាក់តាមដានខ្លាំងនៅកូរ៉េខាងត្បូង។ លោក Célio Fioretti អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំងប្រចាំទីក្រុងសេអ៊ូល បានធ្វើសេចក្តីរាយការណ៍ថា ជំទាវទី១ លោកស្រី គីម គុនហ៊ី វ័យ៥១ឆ្នាំ ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង មានពាក់ព័ន្ធក្នុងសំណុំរឿងអាស្រូវជាច្រើន តួយ៉ាងការលូកដៃជ្រៀតជ្រែកក្នុងទីផ្សារភាគហ៊ុន ហើយនិងការទទួលអំណោយកាបូបយួរដៃ ម៉ាក Dior ដ៏ល្បីថ្លៃ។ ១ តម្លៃប្រមាណជា ២ ២០០ ដុល្លារ។ ទង្វើនេះខុសប្រាសចាកពីច្បាប់ក្រមសីលធម៌មន្ត្រីរាជការសាធារណៈ។ ច្បាប់កូរ៉េខាងត្បូង បានចែងកំហិតមិនអនុញ្ញាតឲ្យ មន្ត្រីទទួលអាណត្តិដោយការបោះឆ្នោត អ្នកតំណាងរាស្ត្រ មន្ត្រីរដ្ឋការ ព្រមទាំងភរិយារបស់ពួកគេ ទទួលយកអំណោយទាំងឡាយណា ដែលមានតម្លៃលើសពី ៧៥០ ដុល្លារ នោះឡើយ។ គិតក្នុងរយៈនៅក្នុង ១ ឆ្នាំ។
ក្នុងសេចក្តីថ្លែងការណ៍១ចេញផ្សាយដើមសប្តាហ៍នេះ អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋធានីសេអ៊ូល បានប្រាប់អ្នកសារព័ត៌មាន អំពីការបើកនីតិវិធីពិសេស «សួរឆ្លើយទល់មុខគ្នា»។ លោកស្រី គីម គុនហ៊ី ត្រូវចោទសួរអស់រយៈពេល ប្រមាណជា ១២ ម៉ោង នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី២១កក្កដា។ ទោះយ៉ាងនេះក្តី លទ្ធផលសួរចម្លើយត្រូវលាក់ទុកជាការសម្ងាត់របស់តុលាការ។
ជាការរំឭក រឿងជំទាវទី១កូរ៉េខាងត្បូងទទួលអំណោយកាបូបយួរដៃនោះ បានផ្ទុះខ្លាំងកាលពីចុងឆ្នាំទៅមិញ ព្រោះតែមានបែកធ្លាយវីដេអូដែលគេលួចថតបានតាមរយៈកាំមេរ៉ាបង្កប់ក្នុងនាឡិកាដៃ។ រឿងអាស្រូវនេះធ្វើឲ្យកក្រើកដល់មជ្ឈដ្ឋាននយោបាយ និងរង្គោះរង្គើដល់ការដឹកនាំរបស់ស្វាមីលោកស្រី គឺប្រធានាធិបតី យូន ស៊ុកយោល។ ក្នុងការបោះឆ្នោតសភាកាលពីខែមេសា គណបក្សអំណាចបាត់បង់សំឡេងភាគច្រើនក្នុងសភា ធ្លាក់ទៅក្នុងដៃបក្សប្រឆាំង។
កាលពីខែមុននេះ អ្នកជំនួយការស្រីម្នាក់ របស់ជំទាវទី១កូរ៉េខាងត្បូង បានប្រាប់ទៅក្រុមរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយ ថាលោកស្រីជំទាវទី១ បានប្រាប់នាងឲ្យយកកាបូបនោះ សងម្ចាស់ដើមដែរ នៅក្នុងថ្ងៃតែមួយ តែនាងភ្លេច ទើបមានភាពយឺតយ៉ាវ។ ជាមួយគ្នានេះ លោកប្រធានាធិបតី យូន ស៊ុកយោល ក៏ធ្លាប់និយាយដោះសាជួយការពារប្រពន្ធរបស់ខ្លួនដែរ ថា លោកស្រីភរិយាដាច់ចិត្តទទួលអំណោយ គ្រានោះ ព្រោះឋិតក្នុងសភាពទាល់ច្រក។
លោក យូន ស៊ុកយោល ជាស្វាមី មុននឹងជាប់ឆ្នោតធ្វើជាប្រធានាធិបតី ក៏ធ្លាប់ធ្វើជា រដ្ឋអាជ្ញា ដែរ។ លោកចេះដឹងច្បាប់ច្បាស់ដូចបាតដៃ។ ក៏ប៉ុន្តែ រឿងរ៉ាវអាស្រូវនេះ ធ្លាក់ចំលើទ្រូងខ្លួនឯង លោកក៏បានសម្រេចប្រើសិទ្ធិប្រធានាធិបតីវេទូជំទាស់នឹងសេចក្តីអនុម័តរបស់រដ្ឋសភា។ រដ្ឋសភាកូរ៉េខាងត្បូង ដែលមានសំឡេងភាគច្រើនមកពីបក្សប្រឆាំង បានបោះឆ្នោតយល់ព្រមឲ្យបើកនីតិវិធីសួរដេញដោលលោកស្រីជំទាវទី១ នៅក្នុងរដ្ឋសភា។ តាមការស្ទង់មតិក្នុងស្រុកកូរ៉េខាងត្បូង ប្រជាជនប្រមាណ៧០%នៃអ្នកត្រូវគេសួរស្ទង់មតិ បានយល់ព្រមឯកភាពឲ្យចោទសួរចម្លើយជំទាវទី១។
ឆ្នាំទៅមិញ រដ្ឋាភិបាលក្រុងសេអ៊ូល បានលុបចោលគម្រោងសាងសងផ្លូវល្បឿនមួយ ព្រោះតែរងការរិះគន់ថា សំណង់ផ្លូវនោះ នាំឲ្យដីធ្លីឡើងថ្លៃ និង ផ្តល់ចំណេញប្រយោជន៍ច្រើនដល់ក្រុមគ្រួសារលោកស្រី គីម គុនហ៊ី៕
Post a Comment