Breaking News :

ជំទាវទី១កូរ៉េខាងត្បូង​ ត្រូវ​រដ្ឋអាជ្ញា​សួរ​ចម្លើយ​ពាក់ព័ន្ធ​រឿង​ពុករលួយ​ស៊ីសំណូក

រឿង​អាស្រូវ​ពុករលួយ​សូកប៉ាន់ពាក់ព័ន្ធ​នឹងជំទាវទី១ លោកស្រី គីម គុនហ៊ី ភរិយាប្រធានាធិ​បតី​កូរ៉េខាងត្បូង បាន​ផ្ទុះកក្រើក​ឡើង ​ជាថ្មី។ ផ្ទុះល្បីរន្ទឺជាថ្មី​ ដ្បិត​ថា​ រដ្ឋអាជ្ញាពិសេស​ប្រឆាំង​អំពើ​ពុករលួយ បាន​បើ​កនីតិវិធី​សួរ​ចម្លើយ​ ជំទាវទី១កូរ៉េខាងត្បូង ដោយផ្ទាល់​ចំពោះ​មុខ​ អស់​ពេល​ ១២ ម៉ោង​។ រឿង​អាស្រូវនេះ បានធ្វើឲ្យ​លោកប្រធានាធិ​បតី យូន ស៊ុកយោល ដែល​កំពុង​តែ​អប្រជាប្រិយភាព​ស្រាប់​ផង កាន់តែស្រអាប់កិត្តិយស​ថែមទៀត នៅក្នុង​ពិភព​នយោបាយ​​កូរ៉េ​ខាងត្បូង​។​


រឿង​អាស្រូវជាប់ទាក់ទិន​នឹង​ភរិយាប្រធានាធិ​បតីកូរ៉េខាងត្បូង ត្រូវ​សាធារណៈ​មតិ​​យក​ចិត្តទុកដាក់​តាមដាន​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង។ លោក Célio Fioretti អ្នក​ឆ្លើយ​ឆ្លងព័ត៌មាន​​វិទ្យុ​បារាំង​ប្រចាំ​ទីក្រុង​សេអ៊ូល​ បាន​ធ្វើសេចក្តីរាយការណ៍​ថា ជំទាវទី១  លោកស្រី គីម គុនហ៊ី វ័យ៥១ឆ្នាំ ភរិយាប្រធានាធិ​បតី​កូរ៉េខាងត្បូង មាន​​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​អាស្រូវ​ជាច្រើន តួយ៉ាង​ការលូកដៃ​ជ្រៀតជ្រែក​ក្នុង​ទីផ្សា​រភាគហ៊ុន ហើយ​និងការ​​ទទួល​អំណោយ​កាបូប​យួរ​ដៃ ម៉ាក Dior ដ៏ល្បី​ថ្លៃ។​ ១ តម្លៃប្រមាណ​ជា ២ ២០០ ដុល្លារ។​ ទង្វើនេះ​ខុសប្រាសចាក​ពី​ច្បាប់​ក្រមសីលធម៌​មន្ត្រីរាជការ​សាធារណៈ​។ ច្បាប់កូរ៉េខាងត្បូង បានចែង​កំហិតមិនអនុញ្ញាត​ឲ្យ មន្ត្រី​ទទួល​អាណត្តិ​ដោយ​ការបោះឆ្នោត អ្នក​តំណាងរាស្ត្រ មន្ត្រីរដ្ឋការ ព្រមទាំង​​ភរិយារបស់ពួក​គេ ទទួលយក​​អំណោយ​ទាំងឡាយណា ដែល​មាន​តម្លៃ​លើស​ពី ៧៥០ ដុល្លារ នោះឡើយ។ គិតក្នុងរយៈនៅក្នុង​ ១ ឆ្នាំ​។

ក្នុងសេចក្តីថ្លែងការណ៍១ចេញ​ផ្សាយ​ដើម​សប្តាហ៍​នេះ​ អគ្គរដ្ឋអាជ្ញា​ប្រចាំ​រដ្ឋធានី​សេអ៊ូល​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ អំពីការបើក​នីតិវិធី​ពិសេស​ «សួរ​ឆ្លើយ​ទល់​មុខគ្នា​»។ លោកស្រី គីម គុនហ៊ី ត្រូវ​ចោទសួរ​អស់​រយៈ​ពេល​ ប្រមាណជា ១២ ម៉ោង​ នៅយប់​ថ្ងៃ​សៅរ៍ ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី​២១កក្កដា​។ ទោះយ៉ាងនេះក្តី លទ្ធផល​សួរ​ចម្លើយ​ត្រូវលាក់ទុក​ជាការ​សម្ងាត់​របស់​តុលាការ។​

ជាការរំឭក រឿងជំទាវទី១​កូរ៉េ​ខាងត្បូង​ទទួល​អំណោយ​កាបូបយួរដៃនោះ​ បា​នផ្ទុះ​ខ្លាំងកាលពីចុង​ឆ្នាំទៅមិញ ព្រោះតែមាន​បែក​ធ្លាយ​វីដេអូ​ដែល​គេ​លួច​ថត​បា​នតាមរយៈ​កាំមេរ៉ា​បង្កប់​ក្នុង​នាឡិកាដៃ​។​ រឿងអាស្រូវ​នេះ​ធ្វើ​ឲ្យ​កក្រើក​ដល់​មជ្ឈដ្ឋាន​នយោបាយ​ និងរង្គោះរង្គើ​ដល់​ការដឹកនាំ​របស់​ស្វាមី​លោកស្រី​ គឺប្រធានាធិ​បតី យូន ស៊ុកយោល។​ ក្នុងការ​បោះឆ្នោត​សភា​កាលពី​ខែ​មេសា គណបក្សអំណាច​បាត់​បង់​សំឡេង​ភាគច្រើន​ក្នុងសភា ធ្លាក់​ទៅ​ក្នុង​ដៃបក្សប្រឆាំង។​

កាលពីខែមុន​នេះ អ្នក​ជំ​នួយ​ការស្រីម្នាក់ របស់​ជំទាវទី១កូរ៉េខាងត្បូង​ បាន​ប្រាប់ទៅ​ក្រុម​រដ្ឋអាជ្ញា​ប្រឆាំងអំពើ​ពុករលួយ ថា​លោកស្រី​ជំទាវទី១ បាន​​ប្រាប់​នាង​ឲ្យ​យក​កាបូបនោះ សង​ម្ចាស់ដើមដែរ នៅក្នុង​ថ្ងៃតែមួយ​ តែ​នាង​ភ្លេច ទើប​មា​នភាព​យឺតយ៉ាវ។ ជាមួយ​គ្នា​នេះ​ លោកប្រធានាធិ​បតី យូន ស៊ុកយោល ​ក៏ធ្លាប់​និយាយដោះសាជួយ​​ការពារ​ប្រពន្ធរបស់ខ្លួន​ដែរ ថា ​លោកស្រី​ភរិយា​ដាច់​​ចិត្ត​​ទទួល​អំណោយ ​គ្រានោះ ព្រោះ​ឋិត​ក្នុងសភាពទាល់ច្រក។

​លោក យូន ស៊ុកយោល ជាស្វាមី​ មុន​នឹងជាប់ឆ្នោត​ធ្វើ​ជា​ប្រធានាធិ​បតី ក៏ធ្លាប់​ធ្វើ​ជា ​រដ្ឋអាជ្ញា ​ដែរ។​ លោក​ចេះដឹង​ច្បាប់​ច្បាស់​ដូច​បាតដៃ​។​ ក៏ប៉ុន្តែ រឿង​រ៉ាវ​អាស្រូវ​នេះ ធ្លាក់​ចំ​លើទ្រូង​ខ្លួន​ឯង លោកក៏​​បាន​សម្រេច​ប្រើសិទ្ធិប្រធានាធិបតី​វេទូ​ជំទាស់​នឹង​សេចក្តីអនុម័ត​របស់​រដ្ឋ​​សភា។ រដ្ឋសភាកូរ៉េខាងត្បូង ដែល​មាន​សំឡេងភាគច្រើនមកពីបក្ស​ប្រឆាំង​ បាន​បោះឆ្នោត​យល់ព្រម​ឲ្យ​បើ​កនីតិវិធី​សួរ​ដេញដោល​លោកស្រី​ជំទាវទី១ នៅ​ក្នុងរដ្ឋសភា​។​ តាមការ​ស្ទង់​មតិ​ក្នុង​ស្រុក​​កូរ៉េខាងត្បូង ប្រជាជន​ប្រមាណ​៧០%នៃអ្នក​ត្រូវគេ​សួរ​ស្ទង់មតិ បាន​យល់ព្រម​ឯកភាព​ឲ្យ​ចោទសួរ​ចម្លើយ​ជំទាវ​ទី១​។​

ឆ្នាំទៅមិញ ​រដ្ឋាភិបាលក្រុង​សេអ៊ូល ​បាន​​​​លុប​ចោលគម្រោង​សាងសង​ផ្លូវ​ល្បឿន​មួយ ព្រោះតែ​រង​ការរិះគន់​ថា សំណង់​ផ្លូវ​នោះ នាំឲ្យ​ដីធ្លី​ឡើងថ្លៃ និង ផ្តល់​​ចំណេញ​​​ប្រយោជន៍​ច្រើន​ដល់​ក្រុម​គ្រួសារ​លោកស្រី គីម គុនហ៊ី​​​៕

Post a Comment

أحدث أقدم