International
អ៊ីរ៉ង់បានប្តេជ្ញាថានឹងសងសឹកអ៊ីស្រាអែល ដែលខ្លួនបានស្តីបន្ទោសចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ លោក អ៊ីសស្មាល ហានីយ៉េ (Ismail Haniyeh) នៅក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃពុធម្សិលមិញនេះ ដែលជាការកើនឡើងកាន់តែខ្លាំងនៃស្រមោលសង្គ្រាមរយៈពេលជាច្រើនឆ្នាំរវាងសត្រូវ ដែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានផ្ទុះឡើងជាមួយនឹងការវាយប្រហារកម្រិតខ្ពស់ជាច្រើន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក អាយ៉ាទូឡា អាលីកាមីណេ (Ayatollah Ali Khamenei) បាននិយាយថា “យើងចាត់ទុកថាវាគឺជាកាតព្វកិច្ចរបស់យើងនៅក្នុងការទទួលយកការសងសឹកនេះ ចំពោះការស្លាប់របស់លោក អ៊ីសស្មាល ហានីយ៉េ។” លោក កាមីណេ បានស្តីបន្ទោសអ៊ីស្រាអែលដោយនិយាយថា “អ៊ីស្រាអែលបានវាយប្រហារអតីតប្រធាននយោបាយនៃក្រុមហាម៉ាស់ ខណៈដែលលោក ហានីយ៉េ គឺជាភ្ញៀវជាទីស្រឡាញ់នៅក្នុងផ្ទះរបស់យើង។”
យ៉ាងណាមិញ អ៊ីស្រាអែលមិនទាន់មានការអត្ថធិប្បាយឆ្លើយតបអះអាងទទួលខុសត្រូវចំពោះការវាយឆ្មក់សម្លាប់លោក ហានីយ៉េ និងអង្គរក្សម្នាក់ទៀតរបស់លោកកាលពីថ្ងៃពុធម្សិលមិញទេ។ ការធ្វើឃាតលោក ហានីយ៉េ បានកើតឡើងនៅក្នុងទីក្រុង តេហេរ៉ង មួយថ្ងៃបន្ទាប់ពីលោកបានស្នាក់នៅទីនោះ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ាស៊ូត ប៉េហ្សេសស្គៀន (Masoud Pezeshkian) កាលពីថ្ងៃអង្គារ។ លោកក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ អំពីការអភិវឌ្ឍនយោបាយ និងវិស័យដែលទាក់ទងនឹងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបផងដែរ។
ការវាយប្រហារនេះត្រូវបានគេមើលឃើញថា វាគឺជារឿងដ៏គួរឱ្យអាម៉ាស់បំផុតមួយសម្រាប់កងកម្លាំងសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់ ខណៈដែលវាក៏ជាការវាយប្រហារយ៉ាងសំខាន់ចំពោះសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ៊ីរ៉ងផងដែរ។ អ្នកគ្រប់គ្រងរបស់អ៊ីរ៉ង់មិនបាននិយាយអ្វីអំពីរបៀបដែលពួកគេនឹងឆ្លើយតបនោះទេ ប៉ុន្តែពេលនេះមនុស្សមួយចំនួននៅក្នុងប្រទេសកំពុងត្រូវបានត្រៀមចាប់ខ្លួន។ លោក អ៊ីសស្មាល ហានីយ៉េ គឺជាអ្នកដឹកនាំអ្នកការទូត និងឥស្សរជនរាប់រយនាក់នៅក្នុងទីក្រុង តេហេរ៉ង សម្រាប់ពិធីប្រកាសចូលកាន់តំណែងរបស់លោក ប៉េហ្សេសស្គៀន ជាព្រឹត្តិការណ៍មួយដែលលោក ប៉េហ្សេសស្គៀន បាននិយាយថា “បានបង្ហាញឱ្យឃើញនូវឥទ្ធិពលដ៏អស្ចារ្យ ការស្វែងរកសន្តិភាព និងសេចក្តីថ្លៃថ្នូររបស់អ៊ីរ៉ង”។
យ៉ាងណាក្រោយបានទទួលព័ត៌មានអំពីការវាយឆ្មក់សម្លាប់លោក ហានីយ៉េ ភ្លាមៗលោក ប៉េហ្សេសស្គៀន បានបង្ហាញនូវការតក់ស្លុតយ៉ាងខ្លាំង ដោយលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X កាលពីថ្ងៃពុធ ដោយភ្ជាប់ជាមួយរូបថតរបស់លោក និង លោក ហានីយ៉េ កំពុងកាន់ដៃកាលពីថ្ងៃអង្គារថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងការពារបូរណភាពទឹកដី កិត្តិយស មោទនភាព និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។” លោកក៏បានសង្កត់ធ្ងន់ទៀតថា “អ៊ីស្រាអែលនឹងសោកស្តាយចំពោះទង្វើដ៏កំសាកញីរបស់ខ្លួន”៕
إرسال تعليق