International
រុស្ស៊ី ធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរតាក់ទិកទ្រង់ទ្រាយធំ លើកទី៣ via REUTERS - Russian Defence Ministry |
ផ្អែកតាមប្រភពដដែល សមយុទ្ធទាំងនេះ ផ្តោតលើអាវុធនុយក្លេអ៊ែរតាក់ទិក ពោលគឺ អាវុធសម្រាប់ប្រើនៅ លើសមរភូមិ ដែលមានកម្លាំងផ្ទុះគឺគិតជាគីឡូតោន ខ្សោយជាងឆ្ងាយពីអាវុធ ប្រភេទយុទ្ធសាស្ត្រ ដែលមានកម្លាំងផ្ទុះខ្លាំង និង អាចបង្កមហន្តរាយធំសម្បើម។ ម៉្យាងវិញទៀត ខុសពីអាវុធយុទ្ធសាស្ត្រ ដែលគេប្រើសម្រាប់បំផ្លាញ ទីក្រុងទាំងមូលៗ អាវុធតាក់ទិក គឺគេប្រើដើម្បីបំផ្លាញផ្ទាំងស៊ីបជាក់លាក់ណាមួយ នៅលើសមរភូមិផ្ទាល់។ អាវុធតាក់ទិក អាចបាញ់ចេញគឺពីយានយន្ដ ពីកាំភ្លើងធំ ពីនាវា ឫ ពី យន្ដហោះ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី លំហាត់ទាំងនេះ នឹងប្រព្រឹត្តទៅនៅ យោធភូមិពីរ គឺ មួយនៅកណ្តាលប្រទេស និង មួយទៀត នៅប៉ែកខាងត្បូងប្រទេស ត្រង់តំបន់ភ្នំកូកាសរុស្ស៊ី និង តំបន់ខាងត្បូងនិងខាងកើត អ៊ុយក្រែនដែលស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី តាំងពីសង្គ្រាមចាប់ឆាបឆេះ កាលជាងពីរឆ្នាំមុន។
សូមបញ្ជាក់ថា កាលពីដើមខែឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានចេញបទ បញ្ជាឲ្យធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរតាក់ទិក។ ការប្រកាសមិនធ្លាប់មាននេះ ត្រូវអាជ្ញាធររុស្ស៊ី បង្ហាញថាជា ចម្លើយទល់នឹងការឆ្លងកាត់បន្ទាត់ក្រហមច្រើនដង ដោយបស្ចិមលោក មានជាអាទិ៍ ការប្រកាសចង់ផ្តល់ឲ្យអ៊ុយក្រែន គ្រាប់មីស៊ីលចម្ងាយឆ្ងាយ សេចក្តីថ្លែងការណ៍របស់មេដឹកនាំបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដែលពោលថាបណ្តាប្រទេសខាងលិច អាចបញ្ជូនទាហានខ្លួនឲ្យទៅច្បាំងនៅអ៊ុយក្រែន តែម្តង។
ដូច្នេះ បើតាមការឲ្យដឹងពីក្រសួងការបរទេសរុស្ស៊ី លំហាត់សឹករុស្ស៊ីនេះ គឺជាសារ ដែលរុស្ស៊ីចង់បញ្ជូនទៅ ក្រុមប្រទេសខាងលិច ដើម្បីក្រើនរំឭកអំពី ទំហំនៃគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលអាចបណ្តាលមកពី ការលូកដៃចូលជ្រៅ លើសដែនកំណត់ នៃក្រុមប្រទេសលោកខាងលិច។
គួររំឭកដែរថា ធម្មនុញ្ញនុយក្លេអ៊ែររុស្ស៊ីបានចែងថា ប្រទេសរុស្ស៊ីអាចប្រើគ្រាប់បែកបរមាណូ ដើម្បីការពារខ្លួនតែប៉ុណ្ណោះ ក្នុងករណីដែលរុស្សីរងការវាយប្រហារ យាយី ដល់អាយុជីវិតជាតិ៕
Post a Comment