Natural
ក្រសួងបរិស្ថានបានជំរុញដល់សហគមន៍មូលដ្ឋានជុំវិញតំបន់ព្រៃជួរភ្នំក្រវាញ ដែលមានមជ្ឈមណ្ឌលស្តារនីតិសម្បទាសត្វខ្លា មិនត្រូវភ័យស្លន់ស្លោ ឬព្រួយបារម្ភនៅពេលសត្វខ្លាធំដែលបញ្ជូនពីប្រទេសឥណ្ឌាជើងទី១មកដល់នៅចុងឆ្នាំនេះ។
សត្វខ្លាមួយក្រុមទី១ចំនួន៤ក្បាល ក្នុងនោះមានខ្លាញី ៣ក្បាល និងឈ្មោល ១ក្បាល នឹងត្រូវដឹកជញ្ជូនពីតំបន់ Ghats ខាងលិចក្នុងប្រទេសឥណ្ឌា មកកាន់ប្រទេសកម្ពុជា នៅចុងឆ្នាំនេះ ប្រហែលជាក្នុងខែវិច្ឆិកា ឬខែធ្នូ។
ថ្លែងក្នុង “ទិវាសត្វខ្លាអន្តរជាតិ” នៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រជាពលរដ្ឋមិនគួរព្រួយបារម្ភអំពីវត្តមានសត្វខ្លានៅក្នុងតំបន់ការពារ ដូចដែលមនុស្សមួយចំនួនបានលើកឡើងនៅលើបណ្តាញសង្គមនោះទេ។
គាត់បានមានប្រសាសន៍ថា “យើងកំពុងសិក្សាលម្អិតមុនពេលការមកដល់នៃសត្វខ្លាពីប្រទេសឥណ្ឌា រួមទាំងជម្រកជុំវិញ និងចំណីរបស់វាផងដែរ”។
“នៅពេលសត្វខ្លាមកដល់ យើងត្រូវជួយពួកវាសម្របខ្លួននៅមជ្ឈមណ្ឌលស្តារសត្វខ្លាធំ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការសម្ព័ន្ធសត្វព្រៃ (WA)។ យើងបានរៀបចំយ៉ាងល្អសម្រាប់មជ្ឈមណ្ឌលនេះ ដើម្បីធានាឱ្យសត្វខ្លាសម្របតាមការផ្លាស់ប្តូរទៅនឹងអាកាសធាតុ បរិស្ថាន និងជីវចម្រុះរបស់យើង»។
លោកបានបន្តថា៖ «មុននឹងព្រលែងសត្វខ្លាទៅក្នុងជម្រកធម្មជាតិ យើងកំពុងយកកង្វល់របស់សហគមន៍មូលដ្ឋានមកពិចារណាឲ្យបានម៉ត់ចត់» ដោយបន្ថែមថា រដ្ឋាភិបាល និងដៃគូមានគោលនយោបាយអភិរក្ស និងការពារប្រភេទសត្វទាំងនេះ។
លោក សំអាង មានប្រសាសន៍ថា ក្រុមអ្នកអភិរក្សបានពន្យល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះអំពីអត្ថប្រយោជន៍នៃការអភិរក្សសត្វព្រៃ ខណៈជំរុញឱ្យពួកគេជួយដល់កិច្ចខិតខំប្រឹងប្រែងដោយមិនបរបាញ់សត្វ ឬធ្វើសកម្មភាពខុសច្បាប់ផ្សេង។
លោកបានបន្តថា៖ «យើងនឹងតាមដានចលនារបស់សត្វខ្លាទាំងនេះ ២៤ ម៉ោងក្នុងមួយថ្ងៃតាមរយៈប្រព័ន្ធ GPS»។ «វិធីនេះយើងនឹងដឹងថាខ្លាទៅណា»។
លោកបានមានប្រសាសន៍ថា ក្រសួងសហការជាមួយដៃគូនឹងធ្វើសិក្ខាសាលាជាមួយអ្នកភូមិដើម្បីជូនដំណឹងដល់ពួកគេអំពីការស្តារឡើងវិញនូវសត្វខ្លា ដោយជំរុញឱ្យប្រជាពលរដ្ឋកុំព្រួយបារម្ភ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វខ្លា។
លោក សំអាង បានលើកឡើងពីយុទ្ធនាការរបស់ក្រសួងបរិស្ថានកន្លងមក ដើម្បីការពារព្រៃឈើ និងសត្វព្រៃ ក៏ដូចជាការអនុវត្តយ៉ាងតឹងរ៉ឹងប្រឆាំងនឹងការដាក់អន្ទាក់ និងការលួចបរបាញ់។
លោកបានបន្តថា៖ «យើងជឿជាក់យ៉ាងមុតមាំថាការខិតខំប្រឹងប្រែងអភិរក្សរបស់យើងនឹងទទួលបានជោគជ័យ»។
សត្វខ្លាធំត្រូវបានគេឃើញលើកចុងក្រោយនៅកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។ ការឃើញថ្មីៗបំផុតត្រូវបានថតនៅដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរីភាគឦសានក្នុងខែវិច្ឆិកា ឆ្នាំ២០០៧ និងព្រៃជួរភ្នំក្រវាញក្នុងខែធ្នូ ឆ្នាំ២០០៧។
ការបាត់ខ្លួនសត្វខ្លាធំនៅកម្ពុជា គឺបណ្តាលមកពីការបរបាញ់ខុសច្បាប់ និងលក់ទៅទីផ្សារងងឹតអន្តរជាតិ។
ក្រសួងបរិស្ថាននិងអាជ្ញាធរអភិរក្សសត្វខ្លាជាតិឥណ្ឌា (NTCA) វិទ្យាស្ថានសត្វព្រៃនៃប្រទេសឥណ្ឌា (WII) និងអង្គការ WA កំពុងសហការគ្នាលើគម្រោងស្តារសត្វខ្លាធំឡើងវិញ។
សត្វខ្លាធំដែលចាប់បានក្នុងព្រៃនឹងត្រូវដឹកតាមយន្តហោះពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជា ហើយបន្ទាប់មកត្រូវបានដឹកទៅកាន់ស្ថានីយស្តារសត្វខ្លាក្នុងខេត្តកោះកុង។
ជម្រកថ្មីរបស់ពួកគេនៅជួរភ្នំក្រវាញបានស្ថិតនៅក្រោមការការពារយ៉ាងយកចិត្តទុកដាក់អស់រយៈពេលពីរទសវត្សរ៍មកហើយ ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងមឺងម៉ាត់ដោយក្រសួងបរិស្ថាននិងអង្គការWA។
លោក ណុន ថុល សមាជិកសហគមន៍អូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលគ្រប់គ្រងតំបន់អភិរក្សធម្មជាតិជួរភ្នំក្រវាញទំហំ ៨៤៩ ហិកតា បាននិយាយថា គាត់គាំទ្រការអភិរក្សសត្វព្រៃ។
លោកថា លោកបានឮតាមបណ្តាញសង្គមថា សត្វខ្លាធំនឹងត្រូវគេលែងចូលព្រៃជួរភ្នំក្រវាញ។
លោក ថុល បានកត់សម្គាល់ថា “ប្រសិនបើសត្វខ្លាមកតំបន់របស់យើង វានឹងទាក់ទាញទេសចរណ៍ធម្មជាតិ”។
លោកបានបន្ថែមថា ទោះជាលោកបានដើរល្បាតព្រៃញឹកញាប់ក៏ដោយ ក៏លោកមិនដែលឃើញសត្វខ្លាដែរ ហើយឮថាមានសត្វខ្លាមានវត្តមានយូរមកហើយនៅក្នុងតំបន់ការពាររបស់លោក។
លោកបានសម្តែងការសោកស្ដាយចំពោះការបាត់ខ្លួនរបស់ពួកវា ប៉ុន្តែ លោក ថុល សង្ឃឹមថា សត្វខ្លានឹងវិលត្រឡប់មកវិញ បន្ទាប់ពីត្រូវបានផ្លាស់ប្តូរទីតាំងនៅទៅកាន់មជ្ឈមណ្ឌលស្តារសត្វខ្លាធំ។
«ខ្ញុំចង់ឃើញសត្វខ្លាទាំងនោះ! ប្រសិនបើឃើញមែនខ្ញុំសប្បាយចិត្តណាស់! បើគេនាំពួកវាមក ខ្ញុំពិតជាសប្បាយចិត្តណាស់! យើងមិនដែលឃើញវាទេ ប៉ុន្តែប្រសិនបើសត្វខ្លាត្រូវបានគ្រប់គ្រងបានត្រឹមត្រូវតាមរយៈការត្រួតពិនិត្យ GPS នោះយើងគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ!»។
Post a Comment