អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់សាធារណជនទាំងជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករនានា អំពីសេចក្តីសម្រេចនូវការកែសម្រួលថ្មី ដែលពាក់ព័ន្ធនឹងសេវាសាធារណៈផ្លូវការក្នុងរមណីយដ្ឋានអង្គរ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា រាល់ការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញសង្គមដូចជា ហ្វេសប៊ុក យូធូប តិកតុក ឬបណ្តាញសង្គមផ្សេងៗទៀត និងទូរស័ព្ទដៃជាដើម គឺពុំតម្រូវឱ្យមានការបង់ប្រាក់និងដាក់ពាក្យស្នើសុំនោះទេ។ មួយវិញទៀត ការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ចងក្រងជាអនុស្សាវីរយ៍ផ្ទាល់ខ្លួនទាំងជាតិនិងអន្តរជាតិ ដោយពុំប្រើប្រាស់ឧបករណ៍ដ្រូន ក៏មិនតម្រូវឱ្យបង់ប្រាក់និងដាក់ពាក្យស្នើសុំដែរ។
ប៉ុន្ដែទន្ទឹមនឹងការបញ្ជាក់ពីការកែសម្រួលលក្ខខណ្ឌមួយចំនួនខាងលើនេះ អាជ្ញាធរជាតិអប្សរាក៏បានណែនាំមិនឱ្យមានការថតរូបអាសអាភាស និងសកម្មភាពប៉ះពាល់តម្លៃសីលធម៌និងវប្បធម៌នៅគ្រប់ផ្នែកទាំងអស់នៃសេវាទូទៅ ហើយចំពោះសម្លៀកបំពាក់គឺអនុញ្ញាតទាំងសម្លៀកបំពាក់ជាតិឬអន្តរជាតិ ហើយ សម្លៀកបំពាក់ដែលមានលក្ខណៈប្រពៃណី ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់សម្អាងការ ដែលទទួលស្គាល់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ទាក់ទងនឹងការកែសម្រួលថ្មីពាក់ព័ន្ធនឹងសេវាសាធារណៈផ្លូវការក្នុងរមណីយដ្ឋានអង្គរ ជាក់ស្ដែងដូចជាការថតរូប លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បញ្ជាក់តាមរយៈវិទ្យុវាយោនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ថា វាពិតជារឿងល្អ ព្រោះអាចទាញអត្ថប្រយោជន៍បន្ថែមតាមរយៈការថតរូបនេះ ពិសេសអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដែលអាចជួយផ្សព្វផ្សាយបន្ថែមទៀតពីតំបន់ទេសចរណ៍នាខេត្តសៀមរាបឱ្យពិភពលោកបានឃើញ។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញខាងទស្សនវិជ្ជានិងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់តាមរយៈវិទ្យុវាយោដែរថា ការធ្វើដូច្នេះគឺជាការលើកទឹកចិត្តមួយដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត និងអាចជាចំណែកជួយផ្សព្វផ្សាយពីតំបន់អង្គរតាមរយៈការផ្សព្វផ្សាយរូបភាពឬវីដេអូផ្សេងៗនៅតាមបណ្តាញសង្គមរបស់ពួកគេ។
ស្របពេលអាជ្ញាធរជាតិអប្សរាបានកែសម្រួលលក្ខខណ្ឌមួយចំនួននៅពេលនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏ស្នើឱ្យមានការគិតគូរផងដែរ ទៅលើអ្នកជួលសម្លៀកបំពាក់ប្រពៃណី ការរៀបចំសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ព្រមទាំងការធ្វើបដិសណ្ឋារកិច្ចឱ្យបានល្អដល់ភ្ញៀវតាំងពីមកដល់កម្ពុជា រហូតឈានជើងត្រឡប់ទៅវិញ។
មិនខុសគ្នានោះដែរ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញខាងទស្សនវិជ្ជានិងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដែរថា ការសម្រួលជាផ្នែកមួយតែក៏ត្រូវមានផ្នែកផ្សេងៗទៀតចូលរួមដែរដូចជា៖ ការភ្ជាប់ជើងហោះហើរត្រង់ ការផ្តល់ជូននូវសន្តិសុខសុវត្ថិភាព ភាពរួសរាយរាក់ទាក់ តម្លៃសមរម្យ កុំលក់កេងបន្លំ និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ។
គួរកត់សម្គាល់ថា កន្លងមកដើម្បីសម្រួលដល់ភ្ញៀវទេសចរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានណែនាំឱ្យធនាគារជាតិកម្ពុជា ត្រូវសិក្សាជាមួយវិស័យឯកជនក្នុងករណីលុយដុល្លារចាស់ ឬដាច់រហែកបន្ដិចបន្តួច កុំកាត់ទឹក ដើម្បីកុំឱ្យប្រជាពលរដ្ឋពិបាកចាយ ឬប៉ះពាល់អារម្មណ៍ដលភ្ញៀវទេសចរ។ ក្រៅពីនេះសម្ដេចបានណែនាំឱ្យពង្រឹងទៅលើការធ្វើបដិសណ្ឋារកិច្ច ចាប់តាំងពីភ្ញៀវចុះពីយន្ដហោះជាន់ទឹកដីកម្ពុជារហូតដល់ពួកគេត្រឡប់ទៅវិញ ដើម្បីឱ្យទេសចរបរទេសជួយផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោក៕ ដោយ៖ថា ចាន់ធី
إرسال تعليق