Bangladesh
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៥កក្កដា បាតុកម្មហិង្សានៅបង់ក្លាដែស បណ្តាលឲ្យស្លាប់មនុស្ស យ៉ាងហោច ជាង ១៩០នាក់។ ក្នុងចំណោមមរណជនទាំងនោះ មានទាំងខាងក្រុមនិស្សិតបាតុករនិងក្រុមប៉ូលិស។ នៅគ្រានេះ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ ដើម្បីស៊ើបអង្កេតចំពោះការបង្ក្រាបបាតុករ និងរំលោភបំពានសិទ្ធិមនុស្ស បង្កឡើងពីសំណាក់អាជ្ញាធរបង់ក្លាដែស។
នគរបាលបង់ក្លាដែសម្នាក់ កំពុងបាញ់បង្ក្រាបលើហ្វូងបាតុករ ក្នុងសប្តាហ៍នេះ។ REUTERS - Mohammad Ponir Hossain |
ឧត្តមស្នងការសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ បានតាមដាន និងដឹងឮចំពោះការបង្ក្រាបបង្ហូរឈាមបាតុករនៅបង់ក្លាដែស ហើយអាជ្ញាធរបង់ក្លាដែស ក៏គ្មានចំណាត់ការច្បាស់លាស់ណាមួយ ដើម្បីការពារសុវត្ថិភាពបាតុករ ទាល់តែសោះ។ អាស្រ័យហេតុនេះ ឧត្តមស្នងការសិទ្ធិមនុស្ស បានស្នើឲ្យ រដ្ឋាភិបាលបង់ក្លាដែល រាយការណ៍ផ្តល់ព័ត៌មានលម្អិត ជាបន្ទាន់ ទាក់ទងនឹងអំពើហិង្សាសម្លាប់បាតុករ និងការគាបសង្កត់បង្ក្រាបសិទ្ធិបាតុកម្ម។ ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ ១នេះ ចង់ទទួលការបំភ្លឺនិងព័ត៌មានលម្អិត ជុំវិញអ្នកស្លាប់ អ្នករងរបួស អ្នកបាត់ខ្លួន នៅក្នុងបាតុកម្មជាច្រើនសប្តាហ៍មកនេះ។
មិនត្រឹមតែប៉ុណ្ណោះ អង្គការសហប្រជាជាតិ ក៏ទាមទារឲ្យបង្កើតគណៈកម្មការពិសេស ដែលមាន ឯករាជ្យ អព្យាក្រឹត និង តម្លាភាព ដើម្បីស៊ើបអង្កេតករណីរំលោភបំពានសិទ្ធិមនុស្ស នៅបង់ក្លាដែស។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ លោក វ៉ុលក័រ តួក ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ចេញផ្សាយថ្ងៃទីព្រហស្បតិ៍ ទី២៥កក្កដា។
នេះគឺជាប្រតិកម្មជាលើកទី២ របស់ឧត្តមស្នងការសិទ្ធិមនុស្សនៅក្នុងសំណុំរឿងបង់ក្លាដែស។ ទន្ទឹមនឹងគ្នាដែរ អង្គការសិទ្ធិមនុស្ស Human Right Watch ប្រចាំតំបន់អាស៊ី ក៏បានថ្កោលទោសនគរបាលបង់ក្លាដែស ដែលបាញ់គ្រាប់កាំភ្លើងពិតៗសម្រាប់បាតុករយ៉ាងកម្រោល។ ម្យ៉ាងទៀត បាតុករភាគច្រើនដែលចាប់ខ្លួនឃុំខ្លួន ត្រូវធ្វើទារុណកម្ម បាត់ខ្លួនទាំងបង្ខំ និងគ្មានការជំនុំជម្រះត្រឹមត្រូវ។
បាតុកម្មហិង្សានៅបង់ក្លាដែស មកទល់នឹងថ្ងៃព្រហស្បតិ៍ ទី២៥កក្កដា មានមនុស្សស្លាប់ យ៉ាងហោច ជាង ១៩០ នាក់ ស្លាប់ទាំងបាតុករនិងប៉ូលិស។
លោក អាស៊ីហ្វ មះមុដ អ្នកតំណាងម្នាក់ នៃសមាគមនិស្សិតប្រឆាំងនឹងការរើសអើង បានទាមទារ លោកស្រីនាយករដ្ឋមន្ត្រី ឆេក ហាស៊ីណា ឲ្យថ្លែងសូមអភ័យទោសប្រជាជាតិ ជាសាធារណៈ ចំពោះការសម្លាប់បាតុករ។ មិនតែប៉ុណ្ណោះ សមាគមក្រុមនិស្សិតបាតុករ ក៏ទាមទារឲ្យបណ្តេញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងអប់រំ ចេញពីតំណែង។
បាតុកម្មដែលឈានដល់ប្រើអំពើហិង្សាស្លាប់មនុស្សជាច្រើននៅបង់ក្លាដែស ដើមហេតុដរចេញពីបញ្ហាអត់ការងារធ្វើ។ ក្រុមនិស្សិតបានស្តីបន្ទោសទៅលើច្បាប់ជ្រើសរើសមន្ត្រីរដ្ឋការ ដែលកំណត់រក្សាទុកកូតាសម្រាប់កូនចៅមន្ត្រីចាស់និងលោកធំជាន់ដើម ដែលបានចូលរួមចលនាទាមទារឯករាជ្យ នៅដើមទសវត្សរ៍១៩៧០។ នៅពេលបាតុកម្មផ្ទុះឡើងខ្លាំងទៅហើយ ទើប តុលាការកំពូលបង់ក្លាដែស កាលពីសប្តាហ៍មុន សម្រេចព្យួរច្បាប់នេះ១ខែ ក្រោយមកតុលាការចេញសេចក្តីសម្រេចម្តងទៀត កាត់បន្ថយកូតាសម្រាប់កូនអ្នកធំ។ ក៏ប៉ុន្តែ ក្រុមនិស្សិតបាតុករ នៅតែទាមទារចង់ឲ្យលុបច្បាប់នេះចោលតែម្តង៕
អត្តបទនៃសេចក្ដីរាយការណ៌នេះដក់ស្រង់ពីទីភ្នាក់ងារ RFI
Post a Comment