អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដែលត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខភាពបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលនឹងចូលមកដល់នៅខែវិច្ឆិកាខាងមុខ កាលពីថ្ងៃព្រហស្បតិ៍បានរៀបចំកិច្ចពិភាក្សាមួយដើម្បីស្ថាបនា រួមទាំងបានដាក់សម្ពាធលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊េនជឺមិន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីជួយឱ្យឈានទៅដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា ដែលនឹងអាចបន្ធូរបន្ថយការឈឺចាប់របស់ជនស៊ីវិលប៉ាឡេស្ទីនបាន។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊េនជឺមិន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) |
និយាយដោយមានសំឡេងតឹងរ៉ឹងជាងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) លោកស្រី ហារីសបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក ណេតាន់យ៉ាហ៊ូថា “ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការស្លាប់ និងការរងរបួសរបស់មនុស្សនៅក្នុងតំបន់ Gaza”។ លោកស្រីបាននិយាយបន្ថែមទៀតបន្ទាប់ពីការចរចាទល់មុខគ្នានៅសេតវិមានថា “វាដល់ពេលហើយសម្រាប់សង្គ្រាមនេះដែលត្រូវបញ្ចប់”។ លោកស្រី ហារីសក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ផ្លូវទៅរកដំណោះស្រាយនៃរដ្ឋទាំង២ ខណៈដែលបានអំពាវនាវឱ្យជនជាតិអាមេរិកព្យាយាមយល់ដឹងអំពីភាពមិនច្បាស់លាស់លើជម្លោះ។
បន្ទាប់ពីបានជួបលោក ណេតាន់យ៉ាហ៊ូ ប្រហែល៤០នាទី លោកស្រី ហារីស បាននិយាយទៀតថា លោកស្រីមានការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះអ៊ីស្រាអែល និងសិទ្ធិការពារខ្លួនឯងរបស់អ៊ីស្រាអែល។ ប៉ុន្តែលោកស្រីបានបន្ថែមថា “យើងមិនអាចអនុញ្ញាតឱ្យខ្លួនយើងមិនអើពើនឹងការឈឺចាប់នោះទេ ហើយខ្ញុំនឹងមិននៅស្ងៀមឡើយ។ សូមធ្វើកិច្ចព្រមព្រៀង ដើម្បីឱ្យយើងអាចទទួលបានបទឈប់បាញ់ក្នុងការបញ្ចប់សង្គ្រាម ហើយត្រូវបញ្ជូនចំណាប់ខ្មាំងត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញ រួមទាំងនាំយកការសង្គ្រោះដែលត្រូវការជាចាំបាច់ជាច្រើនសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលកំពុងតែរងទុក្ខទេវនាផងដែរ។”
សូមជម្រាបថា កាលព្រឹកថ្ងៃព្រហស្បតិ៍លោក ណេតាន់យ៉ាហ៊ូ បានជួបជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នៅឯសេតវិមាន។ កិច្ចប្រជុំរបស់លោក ណេតាន់យ៉ាហ៊ូ នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានថ្លែងសុន្ទរកថាដ៏ក្ដៅគគុកទៅកាន់សភាអាមេរិក ដោយប្តេជ្ញាថាប្រឆាំងនឹងក្រុមហាម៉ាសរហូតទទួលបានជ័យជម្នះសរុប ខណៈដែលបាតុករគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់បានធ្វើបាតុកម្មនៅខាងក្រៅសភា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបាននឹងកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស ក្នុងការទាមទារឱ្យបញ្ចប់សង្រ្គាមអ៊ីស្រាអែល-ហ្គាហ្សា ខណៈដែលប្រជាជនក្នុងប្រទេសអ៊ីស្រាអែលក៏បានរិះគន់កាន់តែខ្លាំងឡើងប្រឆាំងនឹងលោក ជុំវិញការបរាជ័យក្នុងការធានាការដោះលែងចំណាប់ខ្មាំងប្រហែល១២០នាក់ ដែលនៅតែត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា និងការបន្តនៃសង្រ្គាមដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣។ ជាងនេះទៅទៀតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រុមគ្រួសាររបស់ចំណាប់ខ្មាំង និងអ្នកគាំទ្ររាប់ពាន់នាក់ បានអំពាវនាវឱ្យលោកទទួលយកកិច្ចព្រមព្រៀងដែលបានស្នើឡើង ហើយចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល ខណៈការបន្តនៃសង្គ្រាមរហូតមកទល់ពេលនេះ ជិតឈានចូលដល់ខែទី១០ហើយ៕ ដោយ៖ ស ចាន់ណាពីន
إرسال تعليق