Cambodia
កម្ពុជា ប្រមូលចំណូលពន្ធអាករបានប្រមាណជាជិត ២ពាន់លានដុល្លារ នៅក្នុង រយៈពេល ៦ខែដំបូង ឆ្នាំ២០២៤ ស្នើរនឹង ៤៦,០៦ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។
យោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នៅក្នុងរយៈ ពេល ៦ខែដំបូង ឆ្នាំ២០២៤ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋាន ពន្ធដារប្រមូលបាន ជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៧ ៧៦៧,៧៣ ប៊ីលានរៀល (ប្រមាណជា ១ ៩១៧,៩៦ លានដុល្លារ) ស្មើនឹង ៤៦,០៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំពោះលទ្ធផលក្នុងខែមិថុនា ឆ្នាំ២០២៤ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋាន ពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១ ០០៥,៧៤ ប៊ីលានរៀល (ប្រមាណជា ២៤៨,៣៣ លានដុល្លារ) ស្មើនឹង ៥,៩៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកបំពេញ ភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូល ចំណូលពន្ធ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈម នឹងហានិភ័យ និងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និង នយោបាយសកល យ៉ាងណាក៏ដោយ។
លោក បានស្នើសុំឱ្យបន្តពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែក ពន្ធដារជូនវិស័យឯកជននាពេលកន្លងមក និងក្នុងក្របខ័ណ្ឌវេទិការាជរដ្ឋាភិបាល ផ្នែក ឯកជនលើកទី១៩ និងជំរុញឱ្យអនុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព នូវរាល់វិធានការទាំងនេះឱ្យបានបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៤ ដោយឡែកកិច្ចការងារ ដែលបានដោះស្រាយរួចរាល់ សូមបន្តអនុវត្តន៍ប្រកបដោយនិរន្តរភាព។
បន្ថែមពីនេះ រដ្ឋមន្រ្តី បានស្នើរឲ្យបន្តសហការ និងឈានទៅ បញ្ចប់ការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូល២០២៤-២០២៨ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងមានតួនាទីសំខាន់ក្នុងនាមជាអគ្គនាយកដ្ឋាន ចំណូល ដែលកន្លងមកអគ្គនាយកដ្ឋាន ពន្ធដារបានផ្តល់ធាតុចូលរួចរាល់ក្តី៕
Post a Comment